(ភ្នំពេញ)៖ នៅទីស្តីការក្រសួងធម្មការ និងសាសនា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំ ត្រៀមរៀបចំបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា ក្រោមវត្តមានរបស់លោកបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីីក្រសួងធម្មការ ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីគ្រប់ស្ថាបន័របស់រដ្ឋ ព្រះសង្ឃទាំងពីរគណៈ ជាប្រមុខ។

កម្មវិធីនេះ រៀបចំឡើងដោយអនុវត្ត តាមសជណ លេខ ៧៤២ ស.ជ.ណ.ផក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដោយកំណត់យកគោលការណ៏ ៣ គឺ៖

១.​ សម្រេចកំណត់យកថ្ងៃទី ៨ខែមេសា ជារៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៦នេះតទៅ។ ទន្ទឹមនឹងនេះ ក្រសួងធម្មការនិងសាសនា ត្រូវសហការជាមួយសម្តេចព្រះសង្ឃរាជទាំងពីរគណ ដើម្បីរៀបចំទិវានេះជារៀងរាល់ឆ្នាំ ស្របតាមស្ថានភាពជាក់ស្តែងនៃការវិវត្ត នៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត។

២. អនុញ្ញាតឲ្យក្រសួងធម្មការនិងសាសនា ផ្ញើសារអបអរសាទរ និងគាំទ្រចំពោះការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ព្រមទាំងសហការជាមួយគណគ្រប់គ្រង នៃកិច្ចប្រជុំកំពូលអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោក (Buddhist Summit)។

៣. ត្រូវរៀបចំជាលិខិតបទដ្ឋានអ្វីមួយ ដើម្បីកំណត់ថ្ងៃសម្រាប់អនុវត្ត ជាផែនការ នឹងមានការរាប់បាត្រព្រះសង្ឃ រួមទាំងពិធីសូត្រធម៌ផ្សព្វផ្សាយ ពុទ្ធជ័យមង្គល អបអរសាទរ ថ្វាយព្រះមហាក្សត្រខ្មែរ ដែលទទួលបាន គោរមងារកិត្តិយស ( ព្រះស្រីលោកធម្មិករាជ) ដែលពុទ្ធបរិសទ័ លើពិភពលោកចំនួន៥១០លាននាក់ សម្រេចថ្វាយ ដើម្បីជាសក្ខីភាព ចំពោះព្រះរាជបូជនីយកិច្ច ក្នុងនាមអគ្គពុទ្ធសាសនូបត្ថម្ភក៏សកម្មភាពនេះ ជាសមិទ្ធិ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕