(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនបរិមាណ និងលើកកម្ពស់គុណភាពអប់រំ គោលបំណងបង្កើនធនធានមនុស្សនៅកម្ពុជា ចូលរួមចំណែកកសាង និងអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង នៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខា ខេត្តបាត់ដំបងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលនិស្សិតបានបញ្ចប់ការសិក្សា បងប្អូនមានអារម្មណ៍សប្បាយរីករាយហើយ គឺជាមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល។ លោកបញ្ជាក់ថា «ប្រទេសកម្ពុជាគឺជាប្រទេសស្ថិតស្ថេរ រីកចម្រើនជាងគេ នាំមុខគេ នៅក្នុងតំបន់ប៉ុន្តែសង្គ្រាមនៅជំនាន់ ប៉ុលពត បានបំផ្លាញ ហើយយើងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពក្នុងរយៈពេល៣០ឆ្នាំដែលនេះ គឺជាមោទនភាពរបស់យើងចំពោះវិស័យអប់រំ ក្នុងការបម្រើក្នុងការរីកចម្រើនរបស់ប្រទេស ដែលសព្វថ្ងៃនេះប្រទេសកម្ពុជា បានចូលជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងតំបន់។ យើងនៅមានសក្តានុពលជាច្រើន ដើម្បីបង្កើនសមត្ថភាព គុណភាពដល់និស្សិត ដែលជាធនធានមនុស្សរបស់យើង។ ដើម្បីសម្រេចបាននូវវិស័យនេះ យើងត្រូវបង្កើនបរិមាណ និងលើកកម្ពស់គុណភាពអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាខិតខំប្រឹងប្រែងចូលរួមចំណែក ពីផ្នែកដែលពាក់ព័ន្ធទាំងអស់»

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តីរូបនេះ បានបន្តទៀតថា បងប្អូន ដែលទទួលសញ្ញាបត្រថ្ងៃនេះគឺមានន័យថា បងប្អូនបានទទួលកំរិតយល់ដឹង បងប្អូនទទួលជោគជ័យ នៅក្នុងការសិក្សាដែលបានជំនះរាល់ការលំបាកនៅក្នុងជីវិតនិងការសិក្សា។ លើសពីនេះការបញ្ចប់ការសិក្សាថ្ងៃនេះ គឺជាលទ្ធភាពនិងជាការលើកទឹកចិត្ត ក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងជីវិត។

«ឱកាសសម្រាប់បងប្អូនទទួលសញ្ញាបត្រថ្ងៃនេះ គឺមានច្រើនណាស់ វាមិនត្រឹមតែជាក្រដាសមួយសន្លឹកដែលបង្ហាញពីការបញ្ចប់ការសិក្សានោះទេ វាគឺជាសក្ខីភាពបង្ហាញពីសមត្ថភាពដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសដោយផ្អែកលើចំណេះដឹងនិងសមត្ថភាព»

លោកថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងការប្រើប្រាស់មូលធនបញ្ញារបស់ជាតិប្របកដោយប្រសិទ្ធភាពជាចក្ខុវិស័យរយៈពេលវែង សម្រាប់អភិវឌ្ឍប្រទេសជាតិ។ បទពិសោធន៍ប្រវត្តិសាស្រ្តបង្ហាញថា ប្រទេសដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍ គឺត្រូវចាប់ផ្តើមពីការយកចិត្តទុកដាក់ខ្ពស់ លើការវិនិយោក្នងវិស័យអប់រំ ព្រោះធនធានមនុស្សជាប្រភពមិនចេះរីងស្ងួត សម្រាប់ធានានូវ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ព្រមទាំងជាកម្លាំងបន្តវេនក្នុងកាការពារ និងកសាងមាតុភូមិជាទីស្នេហារបស់យើង។

ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពង្រឹងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលជារបៀបវិរៈដ៏សំខាន់បំផុត សម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ហើយបានផ្លល់អាទិភាពខ្ពស់បំផុតក្នុងការកែទម្រង់ និងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការពង្រឹងគុណភាព និងមូលដ្ឋានអប់រំដើម្បីសម្រេចបានទស្សនៈទាននេះ។ យើងត្រូវបន្តបង្កើនបរិមាណ និងលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈអោយបានច្រើនថែមទៀត ដែលការលើកកម្ពស់ធនធានមនុស្សនេះ គឺជាកត្តាស្នូលរបស់ ក្រសួងអប់រំយុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ៕