(បន្ទាយមានជ័យ)៖​ ថ្លែងនៅក្នុងពិធីប្រកាស​ ចូលកាន់តំណែង លោក សួន បវរ ពីអភិបាលរង ទៅជាអភិបាល ខេត្តបន្ទាយមានជ័យ ជំនួសលោក គោស៊ុ សារឿត ដែលត្រូវចូលនិវត្តន៍ និងឡើងជា​រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រៀនរំលឹកជាថ្មីដល់ លោកអភិបាល​ខេត្តទ្បើងថ្មី​ និងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍​ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឲ្យបិទច្រករបៀង​ និងណែនាំប្រជាពលរដ្ឋកុំជួលដីឲ្យប្រទេសជិតខាង។

សម្តេចក្រទ្បាហោម​ ស​ ខេង បានថ្លែងបញ្ជាក់ថា​ «កាលណាយើងបើកឲ្យមានច្រករបៀង នឹងមានអំពើរត់ពន្ធខុសច្បាប់​ ដែលធ្វើឲ្យបាត់បង់ចំណូលថវិការដ្ន និងមានជនអន្តោប្រវេសន៍​ខុសច្បាប់ផងដែរ​ ហើយបញ្ហាជួលដីឲ្យប្រទេសជិតខាង​ វានាំឲ្យមានការស្មុគស្មាញ​ទៅថ្ងៃក្រោយ​ ដែលរាជរដ្ឋាភិបាលពិបាក នឹងដោះស្រាយ​ ដូច្នេះអាជ្ញាធរត្រូវមានវិធានការ ប្រកប​ដោយប្រសិទ្ធភាព»

សម្តេច ស ខេង បានបានសង្កត់ធ្ងន់ថា «បញ្ហាដីធ្លី​មិនថាខេត្តណាឡើយ ​គឺមានបញ្ហានេះ ខ្លះ​បក្សប្រឆាំងយកបញ្ហានេះ ​គេងចំណាញ​សន្លឹកឆ្នោត​ ដូច្នេះយើង​ត្រូវ​តែដោះស្រាយ​ជូនពួកគាត់ភ្លាមៗ​ ហើយយើងមិនត្រូវ​ប្រើយុទ្ធនាការតុលា​ការ ​បើអាចត្រូវបញ្ជៀស​កុំមាន​បញ្ហាជាមួយប្រជាពលរដ្ឋ​​»។​

ជាងនេះ សម្តេចក្រទ្បាហោម​ ស​ ខេង​​ បានជំរុញអជ្ញាធរខេត្តដោះស្រាយបញ្ហាខ្វះខាតទឹករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។ សម្តេចថ្លែងថា «​ភាព​រីងស្ងួត​នេះ វាមានទូទាំងសកលលោក​ សូមឲ្យអាជ្ញាធរខេត្ត ចាំបាច់ត្រូវតែតាមដានបញ្ហានេះ​​​ ប្រជាពលរដ្ឋ​ខ្វះខាត់ទឹកប្រើប្រាស់ប្រចាំថ្ងៃ​ ព្រោះប្រជាពលរដ្ឋគាត់គ្មាន​ទឹកសុទ្ធហូបឡើ​យ​​ មានតែទឹកធម្មតា ​​ត្រូវតែយកចិត្តទុកដាក់​​ ដើម្បីសង្គ្រោះ​ពួកគាត់​ឲ្យឆាប់រហ័ស​»។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យអាជ្ញាធរ​មូលដ្ឋាន ​ឬមន្ត្រីជំនាញមានកាតព្វកិច្ចធ្វើ សៀវភៅគ្រួសារ អត្តសញ្ញាណ​ប័ណ្ណ​​ សំបុត្រអាពាហ៍ពិពាហ៍​ ចុះបញ្ជី​អាពាហ៍ពិពាហ៍​ ឲ្យបានទាន់ពេលវេលា៕