(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពានិជ្ជកម្មកម្ពុជា និងអ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នឹងត្រូវដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ថៃ និងពិភាក្សាស្តីពីបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាមួយនឹងភាគីថៃ ដឹកនាំដោយលោក Suvit Maesicee អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ដែលនឹងប្រារព្វ ទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ នាទីក្រុងបាងកក។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទថា ប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកឧញ៉ា គិត ម៉េង នឹងចាកចេញពីកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមីនានេះ ដើម្បីទៅចួលរួមកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ថៃ នៅថ្ងៃទី២៩ ស្អែកនេះ ហើយនឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

កិច្ចប្រជុំធុរកិច្ចចម្រុះកម្ពុជា-ថៃ រៀបចំឡើងផ្តោតលើការពិភាក្សា អំពីការបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកើនដល់៣ដងក្នុង២០២០ នៅក្នុងវិស័យពាណិជ្ជកម្មវិនិយោគ ទេសចរណ៍ ដឹកជញ្ជូនពាណិជ្ជកម្មតាមព្រំដែន និងកម្លាំងពលកម្ម។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគរបស់កម្ពុជា-ថៃ បានកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅឆ្នាំ២០១២ ទំហំពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទំាងពីរ សម្រេចបានប្រមាណ ៤០២៧,៧៣លានដុល្លារ កើនដល់ ៤,៧១១.៥៥លានដុល្លារ ឆ្នាំ២០១៣ និងបន្តកើនដល់ ៥,១១៥.៥៩ដុល្លារ ឆ្នាំ២០១៤ ហើយស្ថិត ក្នុងកម្រិតប្រហាក់ប្រហែលគ្នា គឺ៥,១០៦.៥១លានដុល្លារ ក្នុងឆ្នាំ២០១៥៕