(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងអាជ្ញាធរខណ្ឌដូនពេញ ជាង១០០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្រោមការជួយឧបត្ថមគាំទ្រពីក្រុមហ៊ុន NVC Cooperation Vital បានចូលរួមកម្មវិធីបរិច្ចាគឈាម ស្មគ្រ័ចិត្តក្រោមប្រធានបទ «ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម» ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រោមវត្តមាន របស់លោកសាកលវិទ្យាធិការ ហោ ប៉េង និងលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។

នេះគឺជាលើកទី៣ហើយ ដែលសកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ប៉ុន្តែកម្មវិធីលើកនេះ គឺសកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំឡើងមានទ្រង់ទ្រាយធំ ដែលមាននិសិ្សតចូលរួមរហូតដល់ទៅជាង១០០០នាក់ ហើយក៏រំពឹងថា នឹងទទួលបានប្លោកឈាមសប្បុរសយ៉ាងតិចណាស់៣០០ប្លោក។ កម្មវិធីបរិច្ចាគឈាមនេះ អាចប្រារព្ធទៅបានយ៉ាងអធិកអធម ដោយសារតែមានការឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញ ទំហឹងពីជាពិសេស គឺក្រុមហ៊ុនទឹកពិសា វីតាល់ ដែល ជានិច្ចជាកាល តែងតែ គាំទ្រដល់ សកម្មភាពមនុស្សធម៌នានាក្នុងសង្គម។ លោក ហោ ប៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជា ក្រុមហ៊ុន វីតាល់ ដែលបានចូលរួមចំណែកក្នុងការរៀបចំ កម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យ ហើយលោកក៏បានអបអរសាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិតទាំងឡាយ ដែលប្អូនៗ មានសណ្តាន ចិត្តសប្បុរសក្នុងការបរិច្ចាគឈាម។

លោកថា ទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី។ លោកសាកលវិទ្យាធិការ បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុនទឹកពិសាវីតាល់ ដែលតែងតែចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីមនុស្សធម៌នានា ជាពិសេសកម្មវិធីបរិច្ចាគឈាម នៅសាលាជាតិគ្រប់គ្រង ដែលវីតាល់តែងតែ មានវត្តមានជា ច្រើនឆ្នាំរួចមកហើយ។

លោកសាកលវិទ្យាធិការ បានលើកឡើងថា គោលបំណងនៅការរៀបចំកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់ ដល់ការចូលរួម របស់និស្សិត ឲ្យបានចូលរួមជាមួយសកម្មភាពមនុស្សធម៌ ក្នុងសង្គមតាម ការបរិច្ចាគឈាម ក៏ជាការគាំទ្រផងដែរ ដល់យុទ្ធនាការរបស់មជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលតែងតែយកចិត្តទុកដាក់ក្នុងការលប់បំបាត់ ការស្លាប់ របស់ប្រជាជនកម្ពុជា ដោយសារកង្វះឈាម។ មន្ត្រីរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្នែងអំណរគុណដល់និស្សិតជាតិគ្រប់គ្រង និងថ្នាក់ដឹកនាំសាលាខណ្ឌ ទាំងអស់ ដែលបានប្រារព្ធកម្មវិធីផ្តល់ឈាមនេះឡើង ជាលើកទី៣ ដែលការចូលរួមបរិច្ចាគឈាមនេះ គឺពិតជាប្រសើរណាស់ ព្រោះស្តុកឈាមរបស់យើងក៏កំពុងតែត្រូវការប្លោកឈាម ដើម្បីបំពេញបន្ថែមសម្រាប់ការផ្គត់ផ្គង់ដល់តម្រូវការ ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានលោកវេជ្ជបណ្ឌិត ហុក គឹមចេង ជាប្រធានបានធ្វើឲ្យកម្មវិធីផ្តល់ឈាម មានសកម្មភាពយ៉ាងសកម្ម ដោយមានការចូលរួមពីប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់ដូចជា សិស្សនិសិត្ស នាយទាហាន មន្ត្រីរាជការតាមក្រសួង និងរួមទាំងបុគ្គលិក វិស័យឯកជន នានាផងដែរ។

ទង្វើរនេះមិនត្រឹមតែអាចបង្កើនចំនួនស្តុកឈាម ដើម្បីជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ក៏ជាយុទ្ធនាការផ្សព្វផ្សាយ ដើម្បីជាការយល់ដឹងយ៉ាងប្រសើរ ពីការបរិច្ចាគឈាមដោយសុវត្ថិភាព ដល់ពលរដ្ឋខ្មែរទូទៅផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕