(​ម៉ូស្គូ​)៖ បន្ទាប់​បាន​ព្រមព្រៀងគ្នា​ជាមួយ​អាមេរិក ក្នុង​ការដក​ទ័ពអាកាស​រុស្ស៊ី​ចេញពី​ស៊ី​រី កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​រុស្ស៊ី បាន​ធ្វើ​ការបញ្ជូន​ជំនួយ​មនុស្សធម៌ ដែល​មាន​ទម្ងន់​សរុប ៦០​តោន ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Hmeymim របស់​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅមុននេះ បន្តិច​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​។​

​ចំពោះ​មូលដ្ឋាន​ទ័ពអាកាស Hmeymim ក៏​ជា​ទីតាំង​ឈរជើង​របស់​រុស្ស៊ី​មួយ​ផង​ដែរ​ក្នុង​ទឹកដី​ស៊ី​រី ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។ ប្រេសិត​តំណាង​ស៊ី​រី ដែល​ដឹកនាំ​ជំនួយ​នេះ បាន​នាំយក​ជំនួយ​ទៅ​ចែកជូន អ្នក​ភូមិ​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល ដើម្បី​វាយ​បណ្តេញ​ពួក​បះបោរ​កន្លងមក ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​ស៊ី​រី​។

​គួរបញ្ជាក់​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ត្រូវបាន​បង្កើតឡើង​ដោយ​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​កន្លងទៅនេះ ដែល​ភាគី​ទាំង​ពីរ​ជឿជាក់ថា​នឹង​អាច​ដោះស្រាយ​ជម្លោះ​បង្ហូរឈាម​គ្នា​ក្នុងប្រទេស មជ្ឈិមបូព៌ា​មួយ​នេះ ដែល​បានអូសបន្លាយ​មក ៥​ឆ្នាំ​ហើយ​៕​