(ភ្នំពេញ)៖ ឃាតកជាជនជាតិវៀតណាម ដែលរំលោភ ហើយសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅមាត់ទន្លេ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនបានហើយ។

លោក តេង ស៉ីណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោម កិច្ចសហការរវាងកម្លាំង នគរបាលខណ្ឌមានជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយដ្ឋាន​ព្រហ្ម​ទណ្ឌ ក្រសួងមហាផ្ទៃ , កម្លាំងនគរបាលខេត្តតាកែវ , កម្លាំងនគរបាលស្រុកគីរីវង្ស និងកម្លាំងនគរបាលវរៈ​សេនា​តូចលេខ ៦០៣។

លោកអនុសេនីយ៍ឯក​ ហ៊ួរ​ ម៉េងវ៉ាង ​អធិការរងខណ្ឌមានជ័យ​ ទទួលផែនព្រហ្មទណ្ឌ​ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះថា ជនសង្ស័យរូបនេះមានឈ្មោះ ដាង យុំាងដូ ហៅ រីដូ , ហៅ ធា , ភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងបាញ់ថ្នាំតុ.ទូ ស្នាក់​នៅផ្ទះ​លេខ២១៩អា  ផ្លូវលំមាត់ទន្លេ​បាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឃាតកម្ម (រំលោភសម្លាប់) ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិសា ឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជួប ស្រីពៅ អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ​ផ្ទះ​គ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជននេះរំលោភ ហើយសម្លាប់ចោល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀលនៅចំណុច ច្រាំង​ទន្លេ​បាសាក់ ផ្លូវលំ ក្រុមទី២៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ។

ករណីនេះបានកើតឡើង  ខណៈដែលជនរង​គ្រោះដើរ​ម្នាក់ឯង មកលេងផ្ទះសាច់ញាតិ (នៅក្បែរកន្លែងកើតហេតុ) ហើយជនសង្ស័យ បានដើរបុកជនរងគ្រោះ ខណៈនោះជនរងគ្រោះស្តីបន្ទោស ជនសង្ស័យខឹងក៏បានធ្វើសកម្មភាពច្របាច់កសម្លាប់រួចរំលោភសេពសន្ថវៈ តែម្តង ។

ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ច​​បាន​​ចាប់​យកវត្ថុតាង ៖ ស្បែកជើងផ្ទាត់  ពណ៌ខៀវ លេខដប់កន្លះ ចំនួន០១គូរ  (ជារបស់ជន​សង្ស័យ​បន្សល់ទុក ​នៅកន្លែងកើតហេតុ) ៕