(​ស៊ី​រី​)៖ លោក Asaad al-Zoubi មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ជា​គណៈប្រតិភូ​របស់​ប្រទេស​ស៊ី​រី បាន​ថ្លែងឲ្យដឹងថា បច្ចុប្បន្ន​មាន​អង្គភាព​យោធា​កូរ៉េខាងជើង​ធំៗ​ចំនួន​២ កំពុងតែ​ចូលរួម​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ក្នុងប្រទេស​ស៊ី​រី ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម និង​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​រុស្ស៊ី TASS ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែ​មីនា​។​

​លោក Asaad al-Zoubi បានបញ្ជាក់​ថា អង្គភាព​យោធា​ធំៗ​ចំនួន​ពីរ​នោះ មានឈ្មោះ​ថា Chalma-1 និង Chalma-7 ដែល​បច្ចុប្បន្ន​មាន​ទ័ព​ជាច្រើន អប​ដោយ​អាវុធ​ទំនើប បាន​និង​កំពុង​តែ​ឈរជើង​នៅក្នុង​សមរភូមិ​ក្នុង​ប្រទេស​ស៊ី​រី​។ «​បើទោះបីជា​កូរ៉េខាងជើង មាន​ជម្លោះ​ជាមួយនឹង​លោក​ខាងលិច និង​បណ្ដា​ប្រទេសជិតខាង​ក្ដី ពាក់ព័ន្ធ​នឹង​រឿង​បាញ់​សាក​នុយក្លេអែរ ប៉ុន្តែ​សម្រាប់​ប្រទេស​ស៊ីរ និង​កូរ៉េខាងជើង​គឺជា​មិត្ត​ភក្ដី​ដ៏​ស្និទ​ស្នាល​បំផុត​»​។ នេះ​ជា​សំដី​របស់​លោក Asaad al-Zoubi ថ្លែង​ប្រាប់​សារព័ត៌មាន​ខាង​លើ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​មិត្តភាព​ដ៏​ស្និទ​ស្នាល​របស់​ស៊ី​រី និង​កូរ៉េខាងជើង បាន​កើតមាន​ឡើង​តាំងពី​ឆ្នាំ​១៩៧០ ដោយ​កូរ៉េ​ខាងជើង បាន​ទំនុកបម្រុង​ដល់​ស៊ី​រី នូវ​គ្រឿង​សព្វាវុធ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ទាំង​ខាង​បច្ចេកទេស និង​សម្ភារៈ ពិសេស​ថែមទាំង​ជួយ​សាងសង​រោងចក្រ​នុយក្លេអែរ​ថែមទៀត​ផង ប៉ុន្តែ​រោងចក្រ​នោះ​ត្រូវបាន​បំផ្លាញ​ទៅវិញ​ដោយសារ​តែ​ការវាយប្រហារ​តាម​ដែនអាកាស​របស់​អ៊ី​ស្រា​អ៊ែល កាលពី​ឆ្នាំ ២០០៧៕​