(អាស៊ី)៖ រយៈពេលពីរសប្តាហ៍មកហើយ ដែល Fresh News បាននាំយកនូវព័ត៌មានពាក់ព័ន្ធ ប្រទេសនៅលើពិភពលោក ដែលមានយោធាច្រើនជាងគេ និងប្រទេសដែលមាន អាវុធនុយក្លែអ៊ែរប្រើប្រាស់ នៅថ្ងៃអាទិត្យសប្តាហ៍វិញ យើងនឹងមិនទៅណាឆ្ងាយ ពីវិស័យយោធាឡើយ ដោយយើងខ្ញុំនឹងលើកយកនូវអត្ថបទមួយ ដែលនិយាយពី មហាអំណាចយោធានៅតំបន់អាស៊ីវិញម្តង។

Global Firepower គឺជាអង្គការមួយ ដែលជាអ្នកវាយតម្លៃ និងផ្ដល់ពិន្ទុ ដែលគេហៅកាត់ថា Power Index  ឬ PwrIndx សម្រាប់បណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក ដើម្បីបញ្ជាក់ថា ប្រទេសនោះ​ជាមហាអំណាច គឺត្រូវអាស្រ័យទៅលើពិន្ទុនេះហើយ។

ការដាក់ពិន្ទុកសន្ទស្សន៍ ថាមពលនៃជាតិសាសន៍មួយ របស់អង្គការ Global firepower គឺបានផ្ដោតទៅលើកត្តាចំនួន៥០ ដែលក្នុងនោះមានកត្តាសំខាន់ៗដូចជា កម្លាំងពលកម្ម ធនធានធម្មជាតិ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ភូមិសាស្ដ្រ កម្លាំងយោធាជើងគោក អាកាស និងទឹក។

ខាងក្រោមនេះ ជាមហាអំណាចយោធាទាំង១០ ក្នុងតំបន់អាស៊ីប្រចាំឆ្នាំ២០១៥៖

១. យោធាប្រទេសចិន៖ ជាមួយនឹងទាហានសកម្មចំនួនជាង ២,៣ លាននាក់ បានធ្វើឲ្យគេទទួលស្គាល់ថា ប្រទេសនេះ មានចំនួនកងកម្លាំងយោធាដ៏ច្រើនបំផុត ក្នុងពិភពលោក។ ប្រទេសចិន ជាមហាអំណាចយោធាមួយ ដែលបានអភិវឌ្ឍប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ និង អាវុធនុយក្លេអ៊ែរ ព្រមទាំងមានពិន្ទុសន្ទស្សន៍ថាមពល (Power Index)ចំនួន ០.២៥៩៤។

២. យោធាប្រទេសឥណ្ឌា៖ ជារដ្ឋមួយមានអាវុធនុយក្លេអ៊ែរ ដែលស្ថិតនៅលេងរៀងទី៣ ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ដ៏បំផុតរបស់ពិភពលោក និងជាមហាអំណាចយោធាទី២ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុសន្ទស្សន៍ថាមពល (Power Index) ចំនួន ០.៣៨៧២។

៣. យោធាប្រទេសតួកគី៖ ប្រទេសតួកគី មានកងកម្លាំងប្រដាប់អាវុធដ៏ធំបំផុតលំដាប់ទី២ ដែលបានឈរជើងនៅអង្គការ NATO ។ ជាមួយនឹងពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៥១៧១ បានធ្វើឲ្យប្រទេសមួយនេះ ស្ថិតនៅលេខរៀងទី៣ ក្នុងចំណោមមហាអំណាចយោធាក្នុងតំបន់អាស៊ី។

៤. យោធាប្រទេសកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានកំណត់ផលិតផល ក្នុងស្រុកសរុបចំនួន២.៦ភាគរយ និង ១៥ ភាគរយនៃការចំណាយទាំងអស់ របស់រដ្ឋាភិបាល សម្រាប់កងកម្លាំងយោធារបស់ខ្លួន។ ប្រទេសនេះ មានពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៥៥៣៦។

៥. យោធាប្រទេសជប៉ុន៖ ជប៉ុនជាប្រទេសទី៨ ដែលមានកងកម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក ហើយក៏ជាមហាអំណាចយោធាទី៥ ក្នុងតំបន់អាស៊ីផងដែរ ជាមួយនឹងពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៥៥៨១។

៦. យោធាប្រទេសអ៊ីស្រាអែល៖ ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលបានចំណាយផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍវិស័យយោធា។ ប្រទេសនេះ មានពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៥៨៨៧។

៧. យោធាប្រទេសប៉ាគីស្ថាន៖ ជាប្រទេសទី៧ ដែលមានកងម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក និងក៏ជាមហាអំណាចយោធាទី៧ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៧៣៦៩។

៨. យោធាកោះតៃវ៉ាន់៖ ត្រូវបានគេទទួលស្គាល់ថា ជារដ្ឋមួយមានបច្ចេកវិទ្យាយោធាដ៏ទំនើប ដែលមានពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៧៥៦៤។

៩. យោធាប្រទេសឥណ្ឌូនេស៊ី៖ សម្រាប់ផលិតផលក្នុងស្រុកសរុបប្រមាណជា ៤ ភាគរយរបស់ប្រទេសនេះ ត្រូវបានចំណាយទៅលើវិស័យយោធា។ ប្រទេសឥណ្ឌូនេស៊ី មានទាហានសកម្មចំនួនជាង ៤០០.០០០ លាននាក់ និងមានពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៨០០៨។

១០. យោធាប្រទេសអូស្រ្តាលី៖ ជាប្រទេសទី១៣ ដែលមានកងកម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក និងក៏ជាមហាអំណាចយោធាទី១០ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុសន្ទស្សន៍ថាមពលចំនួន ០.៨២៥៣។

សូមជម្រាបថា ប្រទេសកូរ៉េខាងជើង ដែលកំពុងដឹកនាំឲ្យ លោក គីម ជុងអ៊ុន មិនមានឈ្មោះក្នុងបញ្ជី ប្រទេសមហាអំណាចយោធាទាំង១០នៅអាស៊ីនោះទេ ដោយសារតែប្រទេសនេះ ព្យាយាមលាក់បាំងនូវព័ត៌មាន ពីវិស័យយោធារបស់ខ្លួន ដែលមិនអាចឲ្យអង្គការ Global firepower ទទួលបានទិន្នន័យ៕