(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះចិន ដែលទើបតែប្រឡូកក្នុងទីផ្សារជាតិ និងអន្តរជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអះអាងថា ខ្លួននឹងប្រមូលយកទិន្នន័យ ពីការធ្លាក់យន្តហោះកន្លងមក នៅលើសកលលោក មកធ្វើការសិក្សាដើម្បីកាត់បន្ថយហានិភ័យ ដល់ជីវិតមនុស្ស តាមរយៈការបង្កើនប្រព័ន្ធ សុវត្ថិភាពនៅលើយន្តហោះនីមួយៗ ដែលជាផលិតផលរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នាមុននេះបន្តិច នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦។

លោក Wei Ye នាយកប្រតិបត្តិ និងជាប្រធាននៃក្រុមហ៊ុនផលិតយន្តហោះចិន COMAC បានប្រាប់ស៊ិនហួ ទៀតថា «ពេលវេលាសម្រាប់បដិវត្តន៍ នៃសុវត្ថិភាពអាកាសចរណ៍ បានមកដល់ហើយ»។

ក្រុមហ៊ុនចិនបានសម្តែង ការចាប់អារម្មណ៍ខ្លាំង ចំពោះបទពិសោធន៍ដែលមិនគួរនឹងកើតមានមួយ គឺការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាល្លឺម៉ង់ នៅប្រទេសបារាំងកាលពីឆ្នាំ ២០១៥ ដែលមូលហេតុគ្រាន់តែ បណ្តាលមកពីពីឡុតមួយរូបក្នុងចំណោមពីររូប ដែលបញ្ជានៅលើនោះជួបវិបត្តិផ្លូវចិត្តដោយសាររឿង ផ្ទាល់ខ្លួនសុទ្ធសាធ។ ការធ្លាក់នោះបានបណ្តាលឲ្យមនុស្ស១៥០នាក់ស្លាប់។

ដូច្នេះក្រុមហ៊ុនចិន ក៏បានគិតគូរខ្លាំងទៅលើគម្រោងការផលិតយន្តហោះ ដែលគ្មានពីឡុតនៅបញ្ជាលើនោះ ហើយគេអាចបញ្ជាពីប្រព័ន្ធកុំព្យូទ័រ និង ផ្កាយរណបជំនួសវិញ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និង ការទទួលខុសត្រូវខ្ពស់បំផុត ទៅលើអាយុជីវិតអ្នកដំណើរ។ ជាធម្មតា ទោះបីជាពីឡុតត្រូវបានហ្វឹកហ្វឺន សមត្ថភាពពិសេសជាងមនុស្សធម្មតាក៏ដោយ ក៏ពួកគេនៅតែជាមនុស្ស ដែលអាចផ្លាស់ប្តូរអារម្មណ៍ នៅពេលណាមួយ ប៉ុន្តែកុំព្យូទ័រមិនអាចនោះឡើយ៕