(ភ្នំពេញ)៖ ក្រោយអាជ្ញាធរខេត្តកណ្ដាល ចុះទៅបើកវេទិកាសាធារណៈនៅកណ្ដាលបឹង ពាក់ព័ន្ធករណីប្រជាពលរដ្ឋស្រុកកៀនស្វាយ និងស្រុកស្អាងប្ដឹងឧកញ៉ា ឡោក ហួរ ពីបទរំលោភយកដី និងដីបឹងអតីតឡូត៍នេសាទ ធ្វើឲ្យប៉ះពាល់ដល់ការនេសាទរបស់ពួកគាត់មក ឧកញ៉ា ឡោក ហួរ បានចេញមុខមកបដិសេធថា គាត់មិនបានរំលោភយកដីប្រជាពលរដ្ឋឡើយ គឺដីរបស់គាត់សុទ្ធតែទិញមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។

ថ្លែងប្រាប់ Fresh News តាមទូរស័ព្ឌនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ លោកឧកញ៉ា ឡោក ហួរ បានអះអាងថា ដីរបស់លោកទាំងអស់គឺលោកសុទ្ធតែទិញពីប្រជាពលរដ្ឋ មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ មិនបានទៅរំលោភបំពានយកដីអ្នកណាឡើយ ហើយបើអ្នកណាថា លោករំលោកយកដី សូមយកឯកសារមកផ្ទៀងផ្ទាត់តទល់គ្នា។

ចំណែកពាក់ព័ន្ធការចោទថា កូនចៅរបស់លោកបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូល និងមិនឲ្យធ្វើការនេសាទនោះ ត្រូវបានឧកញ៉ា ឡោក ហួរ អះអាងនៅតំបន់នោះគ្មានផ្លូវសាធារណៈនោះទេ គឺមានតែលោកធ្វើផ្លូវនៅក្នុងដីកម្មសិទ្ធឯកជនតែប៉ុណ្ណោះ ហើយលោកក៏មិនបានហាមឃាត់នោះដែរ គឺឲ្យធ្វើដំណើរចេញចូលធម្មតា ហើយការនេសាទបើពួកគាត់ទៅនេសាទក្រៅបរិវេណដីកម្មសិទ្ធិឯកជន គ្មានអ្នកណាហាមឃាត់នោះទេ តែភាគច្រើនអ្នកនេសាទទាំងអស់នោះ ច្រើនប្រើឧបករណ៏ឆក់ល្មើសច្បាប់ ទើបបុគ្គលិករបស់លោកហាមឃាត់ ក៏បង្កើតទៅជារឿងប្ដឹងថា ហាមមិនឲ្យចូលនេសាទបែបនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីចុះទៅបើកវេទិកាសាធារណៈ នៅកណ្ដាលដីបឹងដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៤០០នាក់ចូលរួម។ វេទិកានេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តអះអាងថា មានប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ និងស្រុកស្អាងប្ដឹងថាឧកញ៉ា ឡោក ហួរ រំលោភយកដីពួកគាត់ និងហាមមិនឲ្យធ្វើការនេសាទ នៅលើដីបឹងសាធារណៈរួចមក៕