(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ លោក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះជួយស្រុកកញ្ជ្រៀច និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំកញ្ជ្រៀច និងសហការី បាននាំយកមួកសុវត្ថិភាព សម្ភារមួយចំនួនទៀត ដែលជាអំណោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ចែកជូនបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១១២៤នាក់ ដែលមកពី១១ភូមិ ក្នុងឃុំកញ្ជៀច សរុបអស់ថវិកាអស់ចំនួន១៣.១១០.០០០រៀល។

នៅក្នុងឱកាសនោះ លោក រុន រ័ត្នវាសនា បានប្រាប់ដល់បងប្អូនសមាជិកបក្សថា «មានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍន៍ ដល់ប្រជាជនកម្ពុជាគ្រប់រូប ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ជាអ្នកសង្រ្គោះ និងរំដោះជាតិ ហើយបានកសាងនូវហេដារចនាសម្ព័ន្ធ ស្ពានថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាច្រើនជូនដល់ប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រទេស»។ លោកថា គណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្រ និងការរិះគិតគ្រប់ជ្រុងជ្រោយ គឺរួមសុខ រួមទុក្ខជាមួយប្រជាជន មិនចេះរត់ចោលប្រជាជន ពេលដែលប្រជាជន កំពុងជួបការលំបាក មិនចេះដើរតែសន្យា(សន្យាខ្យល់)ដូចគណបក្សដទៃទេ។

បន្ទាប់មកទៀត លោក រុន រ័ត្នវាសនា បានណែនាំទៅដល់បងប្អូនសមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ និងឯកសាផ្សេងៗទៀត ដើម្បីចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ២០១៧ ខាងមុខនេះ និងបានអំពាវនាវឲ្យបងប្អូន នាំគ្នាចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ដែលជានិច្ចជាការ នាយឧត្តមសេនីយ៍ និងលោកស្រី តែងតែយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕