(ស្ទឹងត្រែង)៖ លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគបាលជំនាញ បាននិងកំពុងថ្លឹង និង ធ្វើតេស្តថ្នាំញៀនជាង ៤គីឡូក្រាម ក្រោយពីបង្ក្រាបមេ ខ្លោងជួញដូរគ្រឿងញៀនជាជនជាតិឡាវ នៅចំណុចច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៅល្ងាចម្សិលមិញ។

សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង BLO ប្រចាំច្រកត្រពាំងក្រៀល និងនគរបាលខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀន ដ៏ធំម្នាក់ ជាជនជាតិឡាវ ដោយដកហូតថ្នាំជាង៤គីឡូក្រាម។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» បានប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ថា ប្រ តិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនជាជនជាតិឡាវនេះ បានធ្វើឡើងនៅចំណុចច្រករបៀងត្រពាំងក្រៀល ស្ថិតនៅភូមិ ខាំផាន់ សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ពៅ សំអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តលោកស្រី ស៊ុន យឺត។

លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថា មេខ្លោងជួញដូរគ្រឿងញៀនរូបនេះមានឈ្មោះ ខាំ សៃញ៉ាវង្សា អាយុ៤៦ឆ្នាំ រស់នៅភូមិចមភិត ស្រុកខាំខេត ខេត្តខាំមួន ប្រទេសឡាវ។

បើតាមនាយការិយាល័យរូបនេះ សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE ) ទឹកកក ២ដុំ ស្មើ ២គីឡូ និង ប្រភេទហេរ៉ូអ៊ីន ៦ដុំ ស្មើ ២៣២៧.៨ ក្រាម។

លោក យិន បញ្ញារិទ្ធ បានបន្តថា ក្រោយទទួលព័ត៌មានសម្ងាត់ស្តីពីករណីជួញដូរគ្រឿងញៀនដ៏ធំ នៅចំណុចព្រំដែនខេត្តស្ទឹងត្រែង ខាងលើនេះ កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានចុះទៅស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតបង្ក្រាប ជាក់ស្តែងតែម្តង ហើយក្រៅពីការដកហូតថ្នាំញៀន កម្លាំងនគរបាល បានដកហូតរថយន្តមួយគ្រឿងផងដែរ៕