(តាកែវ)៖ ករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះ នៅក្នុងភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ដោយបុរសជាមេជាងសំណង់ម្នាក់ ត្រូវកូនជាងសំណង់របស់ខ្លួន កាប់៤ពូថៅស្លាប់ក្នុងថ្លុកឈាម ដោយតែខឹងនាំទៅលេងស្រី កើតមេរោគអេដស៍ ហើយបើកលុយឲ្យមិនគ្រប់។

សមត្ថកិច្ចនគរបាលខេត្តតាកែវ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ហេតុការណ៍ឃាតកម្មនេះ កើតឡើងនៅម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី ២៦ ខែមីនានេះ ដោយសង្ស័យត្រូវបានឃាត់ខ្លួន នៅកន្លែងកើតហេតុ ឈ្មោះ ណន វន្នី ហៅ ពូក ភេទប្រុស អាយុ៣៦ឆ្នាំ មានរស់នៅ ភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង មុខរបរធ្វើកម្មករសំណង។ ចំណែកជនរងគ្រោះ ឈ្មោះ អំ រ់ា់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ គោកឃ្មោង ឃុំរនាម ស្រុកទ្រាំង មុខរបរជា មេជាងសំណង់ ត្រូវបានជនល្មើសកាប់៤ពូថៅ ក្រោមបំពង់កខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកមូលហេតុត្រូវបានជនសង្ស័យអះអាងថា ព្រោះខឹងមេជាងនាំទៅលេងស្រី នៅរ៉ារថភ្លើង ខេត្តតាកែវ កើតរោគអេដស៍  ហើយបើកលុយមិនគ្រប់៕