(​វៀង​ច័ន្ទ​)៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ស្នើ​ឲ្យ​ឡាវ បង្កើន​ការការពារ​ពលរដ្ឋ​នានា នៅតាម​តំបន់​ព្រំដែន បន្ទាប់​ពី​ជនបរទេស​ចំនួន​៦​នាក់ បាន​ទទួល​រងរបួស​ដោយ​ក្រុម​ខ្មាន់កាំភ្លើង វាយប្រហារ​ជា​លើក​ទី​៣ នៅក្នុង​ឆ្នាំ ២០១៦​នេះ​។ នេះ​បើ​តាម​សារព័ត៌មាន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។

​ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​ភាគ​ខាងជើង តំបន់​ទេសចរណ៍ Vang Vieng កាលពី​យប់ ថ្ងៃ​ពុធ នៅពេល​ដែល​ខ្មាន់កាំភ្លើង បាន​បើក​ការវាយប្រហារ នៅ​រថយន្តក្រុង​ដឹក ជនជាតិ​វៀតណាម ផ្ទុក​ដោយ​មនុស្ស ២៨​នាក់ ចេញពី​ភាគ​និរតី​នៃ​ប្រទេស​ចិន ទៅកាន់​រដ្ឋធានី វៀង​ច័ន្ទ របស់​ឡាវ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកស្រី Hua Chunying បានឲ្យដឹងថា អ្នកធ្វើ​ដំណើរ​ចំនួន​៦​នាក់ បាន​ទទួល​រងរបួស ក្នុងនោះ​២​នាក់​រងរបួស​ធ្ងន់​។ បន្ទាប់​ពី​ឧប្បតិហេតុ ក្រសួងការបរទេស​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ឡាវ បាន​បញ្ជូន​អ្នកតំណាង​ទៅកាន់​ឡាវ​, ទាមទារ​ឲ្យ​ឡាវ​បញ្ជូន​យោធា និង​ប៉ូលិស ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ និង​បង្កើន​ការការពារ​សុវត្ថិភាព​ពលរដ្ឋ​របស់​ខ្លួន​។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ក៏​មាន​ហេតុការណ៍​វាយប្រហារ យ៉ាង​អាថ៌កំបាំង​ស្រដៀង​គ្នា នៅក្នុង​ឆ្នាំនេះ បានសម្លាប់​ជនជាតិ​ចិន​៣​នាក់ និង​ជា​ច្រើន​នាក់​ទៀត​របួស នៅក្នុង​តំបន់​ភ្នំ​។ ការវាយប្រហារ​ចុងក្រោយ​នេះ បាន​កើតឡើង​នៅក្នុង​ខេត្ត​ដែល​ជា​តំបន់​ផ្ទុះឡើង​នូវ ក្រុម​បង្ក​ហិង្សា ដោយ​ក្រុម​ជនជាតិភាគតិច ប្រឆាំង​នឹង​រដ្ឋាភិបាល​។ សូមជម្រាបថា ឡាវ​នឹង​បើកទ្វារ​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក នៅក្នុង​ឆ្នាំ​២០១៦​នេះ និង​ឈាន​ដល់​កម្រិត​កំពូល នៃ​ការធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថែម​ទៀត​៕​