(ភ្នំពេញ)៖ លោក ឆៃ វរៈ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស លោក សាន្ត ប៊ុនធឿន អ្នកកាសែតតាម Facebook ឲ្យជាប់ពន្ធនាគារចំនួន៤ខែ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរ និងគ្រាន់តែពិន័យប្រាក់គ្រាដំបូងចំនួន៨០មឺុនរៀលប៉ុណ្ណោះ រឿងបើកបរមិនគោរពច្បាប់ចរាចរណ៍។

ការប្រកាសសាលក្រមកាត់ទោសលោក សាន្ត ប៊ុនធឿន ខាងលើនេះបានធ្វើឡើងនៅព្រឹថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ។ នេះបើយោងតាមភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ។

លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ ប្រធានក្រុមផ្នែកយកព័ត៌មាន របស់គេហទំព័រខ្មែរ អាយញូវ និងត្រូវបានគេស្គាល់លើបណ្តាញសង្គម Facebook នោះ ត្រូវបានកម្លាំងនគរបាលនៅគោលដៅ ត្រួតពិនិត្យចរាចរណ៍តាមផ្លូវជាតិលេខ៤ បញ្ជរបង់ប្រាក់កំបូល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែក្រោយមក ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។

មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួនអ្នកកាសែតល្បីនៅលើបណ្តាញសង្គម Facebook រូបនេះ បានធ្វើឡើងដោយសារតែរូបគេ និងដៃគូម្នាក់ទៀត ជិះម៉ូតូម៉ាក PCX មិនពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល ០,៦៤មីល្លីក្រាម ក្នុងមួយលីត្រខ្យល់។

លោក ចីវ ហាក់ នាយការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ បានបញ្ជាក់នាពេលកន្លងមកថា «នៅយប់កើតហេតុនោះ កម្លាំងរបស់យើង ដែលស្ថិតនៅតាមគោលដៅ ក្នុងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាល់កុល ត្រូវច្បាប់បានកំណត់នោះ មានចំនួន៩នាក់ ក្នុងនោះអ្នកបើករថយន្ត២នាក់ និងម៉ូតូ៧នាក់ ហើយក៏មានឈ្មោះ សាន្ត ប៊ុនធឿន ដែលជិះម៉ូតូដឹកគ្នា២នាក់ អត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល»។