(​កុង​ហ្គោ​)៖ ប្រធានាធិបតី​សាធារណរដ្ឋ​កុង​ហ្គោ លោក Denis Sassou Nguesso បានឈ្នះ​លើ​ការបោះឆ្នោត ទទួលបាន​តំណែង​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​៥​ឆ្នាំ​ទៀត ជាមួយ​នឹង​សំឡេង​គាំទ្រ ៦០,៣៩​ភាគរយ នៃ​ការបោះឆ្នោត នេះ​បើ​យោង​តាម​ព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក Raymond Zephyrin Mboulou ជា​អ្នក​ប្រកាស​លទ្ធផល បានឲ្យដឹងថា មេដឹកនាំ​បក្សប្រឆាំង លោក Guy-Brice Parfait Kolelas ទទួលបាន​ការគាំទ្រ ១៥​ភាគរយ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ខណៈ​លោក Jean-Marie Mokoko ទទួលបាន​សំឡេង​គាំទ្រ​១៤​ភាគរយ​។ ក្រុម​បេក្ខជន​បក្សប្រឆាំង បាន​ចោទប្រកាន់​ថា មាន​ការបន្លំ​សន្លឹកឆ្នោត ដោយ​បានឲ្យដឹងថា លទ្ធផល​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន​បង្ហាញថា លោក​ប្រធានាធិបតី Sassou Nguesso ទទួលបាន​សំឡេង​គាំទ្រ​តិចជាងគេ​។

​លោក Sassou Nguesso បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី នៅក្នុង​ឆ្នាំ​១៩៧៩ ហើយ​បាន​ធ្លាក់​ពី​តំណែង​នៅ​ឆ្នាំ​១៩៩២ នៅពេលដែល​លោក​ចាញ់​ការបោះឆ្នោត​។ នៅក្នុង​ឆ្នាំ​១៩៩៧ លោក​បាន​ឡើង​កាន់​អំណាច​សារជាថ្មី បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​។ ក្រោយមកទៀត លោក​បាន​ឈ្នះ​ការបោះឆ្នោត នៅក្នុង​ឆ្នាំ​២០០២ និង​២០០៩៕​