(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងអំពីហេតុផលនិងដំណោះស្រាយសុវត្ថិភាព ៤ ចំណុច ប្រាប់ដល់ពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ ដើម្បីពន្យល់ឱ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់នៅនឹងកន្លែងដដែល ពោលគឺកុំចល័តចេញពីកន្លែងស្នាក់នៅ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃឱ្យសោះ ពីព្រោះការធ្វើដំណើរទាំងប្រថុយប្រថាននេះ ពិតជាអាចប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លង និងការចម្លងជំងឺកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មី Delta។

ហេតុផលនិងដំណោះស្រាយសុវត្ថិភាពទាំង ៤ ចំណុចនេះ គឺមានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ រយៈពេល ១៤ ថ្ងៃ ដែលបានចេញផ្សាយជាផ្លូវការនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងដោយយោងតាមវិធានការបិទខ្ទប់ភូមិសាស្ត្របណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅកម្ពុជា ក៏ដូចជាយោងលើវិធានការបិទខ្ទប់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលកំពុងស្ថិតនៅជាធរមាននៅក្នុងប្រទេសថៃ។

យោងតាមវិធានការទាំងនេះហើយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នូវហេតុផល និងដំណោះស្រាយ ៤ ចំណុច៖

១៖ កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឆ្ពោះមកព្រំដែនកម្ពុជា-ថៃ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមពលករមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។

២៖ ប្រសិនជាពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺនឹងត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ដែលបំផុស ឬដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។

៣៖ ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅរៀងរាល់ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ 092 8050 561 ឬ 094 0925 905 ឬ 062 1413 009 ឬ 086 7999 957) ឬពលករអាចទំនាក់ទំនងទៅក្រុមការងារស្ម័គ្រចិត្តនៃក្រុមការងារទឹកចិត្តពលករនៅថៃ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «ជំនួយកូវីដ-១៩ នៅថៃ» ដែលមានលីងតំណភ្ជាប់ https://t.me/helpkhmerinthailand) ដើម្បីស្ថានទូត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូនពលករ។ ពលករគួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃ ដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។

៤៖ ចំពោះពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា គឺពលករអាចទទួលការពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-១៩ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «ពិគ្រោះកូវីដ-១៩ នៅថៃ» ដែលមានលីងតំណភ្ជាប់ https://t.me/consultcovidinthailand ដែលមានក្រុមគ្រូពេទ្យសម្រាប់ផ្តល់ប្រឹក្សាយោបល់បឋម និងមានក្រុមស្ម័គ្រចិត្ត ដើម្បីផ្តល់កញ្ចប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលជូនពលករក្នុងករណីចាំបាច់។ ពលករគួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់មន្ទីរពេទ្យ ឬអាជ្ញាធរថៃ ដែលមានសមត្ថកិច្ចក្នុងការយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងនេះ។

ខាងក្រោមជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖