(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា បានប្រកាសពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៩៨នាក់ទៀត ជាសះស្បើយ២៣នាក់ និងស្លាប់១នាក់។

តាមរបាយការណ៍របស់ខេត្ត បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មី ដែលរួមមាន ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤ ដល់ទី៦ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។ ក្នុងនោះ ករណីទី៧ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តឧត្ដរមានជ័យ។ ជាមួយគ្នានេះ ករណីទី១៦ ដល់ទី៣៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៣៦ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជាសះស្បើយទាំង២៣នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ករណីស្លាប់ចំនួន១ករណីឈ្មោះ ឃួន ហាច ភេទស្រី អាយុ៥៣ អាសយដ្ឋាននៅភូមិគោកថ្មី ឃុំតាសោម ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤,២១៩នាក់ បានព្យាបាលជាសះស្បើយចំនួន២,១៥៨នាក់ ស្លាប់៤៦នាក់ និង២,០១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕