(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា វិធានបិទខ្ទប់រដ្ឋាភិបាល មិនមែនជាការរំលោភសិទ្ធិធ្វើដំណើរ ឬដើរហើរសេរីរបស់ប្រជាពលរដ្ឋទេ តែជាវិធានសុខាភិបាលដែលអនុវត្ត ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យចៀសផុតពីការជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta ដែលកំពុងឆ្លងសហគមន៍ ពិសេសក្នុងខេត្តទាំង ៨ ជាប់ព្រំដែនជាមួយប្រទេសថៃ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វិធានបិទខ្ទប់ មិនមែនជាការរំលោភសិទ្ធិធ្វើដំណើរ ឬដើរហើរសេរីរបស់បងប្អូនទេ តែគឺជាវិធានសុខាភិបាលដែលអនុវត្តដើម្បីការពារសុខភាពរបស់បងប្អូន និងសុខភាពសាធារណៈឱ្យជៀសផុតពីការរាលដាលឆ្លងមេរោគកាចសាហាវកូវីដ-១៩ ដែលកំពុងឆ្លងសហគមន៍ក្នុងប្រទេសរបស់យើង ពិសេសក្នុងខេត្តទាំង៨ ជាប់ព្រំប្រទល់ដែនជាមួយនឹងប្រទេសថៃ នាពេលនេះ»

ជាមួយនឹងការអះអាងបែបនោះ លោក សួន សេរីរដ្ឋា បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅខេត្តបាត់ដំបង និងខេត្ត៧ផ្សេងទៀតដែលនៅជាប់ព្រំដែនថៃ ចូលរួមអនុវត្តវិធានបិទខ្ទប់ដែលរាជរដ្ឋាភិបាលបានដាក់ចេញរយៈពេល១៤ថ្ងៃនេះ ឱ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវគ្រប់ៗគ្នា កុំបីល្មើស ឬប្រព្រឹត្តិបំពាននូវសកម្មភាពណាមួយបង្កឱ្យខុសឱ្យសោះ។

លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា ការរស់នៅមួយកន្លែង វាជាការពិបាកទ្រាំ ព្រោះតាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ពលរដ្ឋទទួលបានសិទ្ធិរស់រៀនមានជីវិត និងអាចធ្វើដំណើរបានដោយសេរី តែយ៉ាងណាដំណាក់កាលនេះ លោកជំរុញឱ្យពលរដ្ឋទ្រាំការលំបាក ដើម្បីសុខភាពខ្លួន គ្រួសារ និងមូលដ្ឋានរប់សខ្លួន។

លោកបានបន្ថែមថា «ក្នុងកំឡុងពេលបិទខ្ទប់នេះ ក៏ជារដូវចូលព្រះវស្សាតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ដូចនេះព្រះសង្ឃគ្រប់អង្គក៏មិនអនុញ្ញាតឲ្យនិមន្តចាកចេញពីវត្តផងដែរ… សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និងចៅៗ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តទាំង៨ យើងឆ្លៀតពេលនេះ សម្រាកនៅផ្ទះ ស្តាប់ធម៌ ចម្រើនសមាធិ អប់រំចិត្ត ចាត់ទុកដូចយើងគ្រប់គ្នាចូលរួមបួស១៤ថ្ងៃក្នុងវស្សាជាមួយនឹងភិក្ខុគ្រប់អង្គក្នុងវត្តដើម្បីសន្សំបុណ្យកោសល្យគ្រប់ៗគ្នា…»

ទន្ទឹមនឹងនេះដែរ លោក សួន សេរីរដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំស្តាប់ពាក្យញុះញង់ ដុតបំភ័យ បំផ្លើសបំភ្លៃ អុចអាល ពីសំណាក់ក្រុមអគតិណាមួយ ដែលនិយាយបំពុលសភាពការណ៍ក្នុងរយៈពេលនៃការបិទខ្ទប់នេះ ដើម្បីប្រយោជន៍នយោបាយដ៏ខ្មៅកខ្វក់របស់ពួកក្រុមគេឱ្យសោះ។

លោក បានក្រើនរំឮកដល់ប្រជាពលរដ្ឋ សូមរួមគ្នាស្តាប់តាមរាជរដ្ឋាភិបាលតែមួយ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» និងកុំភ្លេចត្រៀមនាំកូនអាយុគ្រប់១២ឆ្នាំទៅទទួលវ៉ាកសាំងការពារជំងឺកូវីដ១៩ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕