(ភ្នំពេញ)៖ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នៅកម្ពុជា (EuroCham) នឹងបើកកិច្ចសន្ទនា ដ៏ពិសេសមួយស្តីពីពាណិជ្ជកម្មរវាងកម្ពុជា  និងតំបន់អឺរ៉ុប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០​១៦ នៅសណ្ឋាគារ​សូហ្វីតែល ផូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃ រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា ធុរជន និងអ្នកសេដ្ឋកិច្ចល្បីៗជាតិ-អន្តរជាតិផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ដែល Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យ ដឹងថា កិច្ចសន្ទនានេះ នឹងធ្វើឡើងជាក្រុមៗ ដោយផ្តល់​ទស្សនវិស័យ ចំពោះកម្ពុជា ក្នុងភាពជាអ្នកវិនិយោគប្រកបដោយគោលដៅ រួសរាយរាក់ទាក់ ជាពិសេសសម្រាប់សហភាពអឺរ៉ុប និង បង្ហាញខ្លីៗនូវលក្ខណៈប្រកួតប្រជែងរបស់កម្ពុជា ក្នុងចំណោម​បរិបទថ្មី នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។

លោក សុខ ចិន្តាសុភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នឹងធ្វើជាប្រធាន នៃកិច្ច ប្រជុំពិភាក្សាស្តីពីពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប ខាងលើនេះ ហើយក៏នឹង​ចូលរួមក្នុងក្រុមពិភាក្សាកម្រិតខ្ពស់ផងដែរ។

ជាកិច្ចបញ្ចប់ EuroCham ធ្វើបទបង្ហាញជាសាធារណអំពី White Book ដំបូងរបស់ខ្លួន ដែលជាការផ្តល់មតិយោបល់លើនយោបាយ  ដែលត្រូវបានបង្កើតឡើងរយៈ​ពេលពេញមួយឆ្នាំស្តីពីពិគ្រោះ​យោបល់ជាមួយសមាជិក​របស់យើង ដើម្បីប្រឹងប្រែង​ជួយដល់រាជរដ្ឋាភិ បាលក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម​នៅក្នុងប្រទេសកម្ពុជា៕