(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំ​ស្រុកកណ្តាលស្ទឹង​ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ ជួប​សំណេះសំណាល​ជាមួយ​ យុទ្ធជន​ យុទ្ធនារី​ និង​ និវត្តជន​ក្នុងស្រុកកណ្តាល។​

ក្នុងពិធីសំណេះសំណាលនោះ គឺមានគោលបំណងពិនិត្យ ទៅលើចំនួនអតីតយុទ្ធជន ក្នុងខេត្តទាំងមូលដោយគិតទាំងកងទ័ព, កងរាជអាវុធហត្ថ និង នគរបាល ដែលបានចូលនិវត្តន៏កន្លងមក ។ ដោយមានការយកចិត្ត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែតាមដានជាប់ជាប្រចាំរាល់ សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចាប់តាំងពីបានប្រារព្ធ មហាសន្និបាតតំណាងសមាគម អតីតយុទ្ធជន​ទូទាំងប្រទេសលើកទី២ រួចមក ថាតើជួបនូវបញ្ហាប្រឈមអ្វីខ្លះ? ពិសេសការអនុវត្ត នូវគោលនយោបាយ ចំពោះអតីតយុទ្ធជន ដែលជួបការលំបាកក្នុងជីវភាព និងការអនុវត្តនូវការ ចំណាយ បេឡាសង្គ្រោះជួយដល់អតីតយុទ្ធជន ដែលបានទទួលមរណៈភាព ឬពិការជាដើម ។

នាយឧត្តមសេនីយ៏​ ក៏បានផ្តាំផ្ញើដល់មន្ត្រីអាជ្ញាធរ ត្រូវជួយមើលការខុសត្រូវ​ ដល់និវត្តជនរបស់យើងទាំងអស់ ដើម្បីជួយគាត់ឲ្យបានទាន់ពេលវេលា​  ហើយជំរាបជូនដល់ពួកគាត់ថា​ មានតែសម្តេច​តេជោ​ ដែលជាប្រមុខរាជរដ្ឋាភិបាល​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ទេ ដែលតែងតែគិតគូ​ យកចិត្តទុកដាក់ចំពោះពួកគាត់នោះ។

បន្ទាប់ពីកិច្ចសំណេះសំណាលចប់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដល់អតីតយុទ្ធជនក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ ២៨០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១០ម៉ឺនរៀល​ផង៕​