(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការយល់ឃើញថា ជំងឺកូវីដ-១៩ ជាវិញ្ញាសាដ៏ធំមួយក្នុងការសាកល្បងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។

ក្នុងវេទិកាពិធីបិទកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ប្រទេសកម្ពុជា ជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ប្រទេសចិនក្នុងនាមជាមិត្តដ៏រឹងមាំ បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ការប្រឹងប្រែងជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ពីសំណាកមហាមិត្តចិននេះ មិនត្រឹមតែបង្កប់នូវចំណងមិត្តភាពពិសេសរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រទេសចិន ក្នុងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ, ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាលំដាប់ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍ដែលមានជោគវាសនារួមគ្នា ជាមិត្តដែកថែប និងជាមិត្តភាពជាបងប្អូនល្អ។ នេះជាអ្វីដែលលោកបណ្ឌិត គិន ភា បានគូសបញ្ជាក់បន្ថែមនូវអ្វីដែលជាទំនាក់ទំនងរវាងកម្ពុជា និងចិន។

បើតាមលោកបណ្ឌិត គិន ភា ទោះជាបែបនេះក្តី កម្លាំងអមិត្តខាងក្រៅពិតជាមិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាកជាច្រើន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ប្រទេសចិន ត្រូវតែជួយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍ ដោយសារតែមានទំនាក់ទំនងដ៏ល្អ និងស៊ីជម្រៅជាមួយប្រទេសចិន។

លោកបន្ថែមទៀតថា កិច្ចការបន្ទាន់មួយទៀត ដែលបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងចិនដល់ប្រជាជនទាំងពីរឲ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយភាពស្មោះត្រង់ ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុត ក្នុងការចាប់យកសក្តានុពលនៃការអភិវឌ្ឍរួមគ្នា។

គួរជម្រាបថា ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះដំបូងនៅទីក្រុងវ៉ូហាន ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូពិសេសមួយ ទៅជួបសួរសុខទុក្ខជាមួយលោក ហ្ស៉ី ជិនពីង ប្រធានាធិបតេយ្យចិន ក្នុងនាមជាមិត្តដែកថែបផងដែរ ខណៈប្រទេសជាច្រើនកំពុងតែខ្លាចរអា។

សកម្មភាពបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ត្រូវបានអ្នកសារព័ត៌មានចិន ហៅថា «បុរសសង្ហារដើរបញ្ច្រាសគេ»។ នេះមានន័យថា គ្រប់គ្នាកំពុងតែភ័យខ្លាច និងចង់ជម្លៀសប្រជាជនរបស់ប្រទេសគេចេញពីប្រទេសចិន ប៉ុន្ដែកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនធ្វើបែបនោះឡើយ ហើយអំពាវនាវឲ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរនៅទីនោះ។

ក្រោយមកកម្ពុជា ក៏បានផ្ទុះឡើងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយពេលនោះ ចិន ក៏បានបញ្ជូននូវជំនួយជាសម្ភារបរិក្ខាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មកជាបន្ដបន្ទាប់ផងដែរ ដោយព្រមទាំងបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ចិន មកថែមទៀតផង។

រហូតមកដល់ពេលមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កម្ពុជា ក៏ក្លាយជាប្រទេសដំបូងគេផងដែរ ដែលទទួលបានជំនួយវ៉ាក់សាំងនេះពីប្រទេសចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នវ៉ាក់សាំងដែលកំពុងចាក់ជូនពលរដ្ឋកម្ពុជា គឺជាច្រើនលើសលប់ផលិតដោយក្រុមហ៊ុនរបស់ប្រទេសចិន ដោយមានទាំងជំនួយ និងការបញ្ជាទិញផងដែរ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រ មាណ ១៧លានដូសហើយ។ តាមរយៈវ៉ាក់សាំងនេះ បានជួយឲ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦.៤លាននាក់រួចហើយ ដែលស្មើនឹង ៦៤.៥៥% ធៀបនឹងគោលដៅចំនួនប្រជាពលរដ្ឋត្រូវចាក់ប្រមាណ ១០លាននាក់។ វ៉ាក់សាំងដែលកម្ពុជាកំពុងមានទាំងអស់នេះ ភាគច្រើនលើសលប់គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ដោយមានទាំងជំនួយ និងការបញ្ជាទិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថា កម្ពុជា នឹងយកមហាយក្សចិនជាខ្នងបង្អែក លើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ស្រដៀងគ្នានេះ កាលពីពេលកន្លងទៅ រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕