(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា នេះហើយ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន១លានដូសដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នៅថ្ងៃទី៣០ ខែកក្កដា នេះ នឹងដឹកមកដល់មួយចំនួន ហើយមួយចំនួនទៀតគ្រោងដឹកមកដល់ថ្ងៃទី០២ ខែសីហា។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ។

សូមបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៣បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ក្នុងនោះចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស និងអាមេរិក ១លានដូស៕