(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បានបង្ហាញនូវទឹកព្រះទ័យអបអរសាទរជាអនេកជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទទួលបានគ្រៅងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។

ក្នុងព្រះរាជសារអបអរសាទរនេះ ព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជា អគ្គមគ្គុទេសក៏ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ និងដោះស្រាយ ចៀសផុតឧបសគ្គដ៏លំបាកទាំងអស់ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ»។

ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះទ័យជូនពរសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕