(ភ្នំពេញ)៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ទួត បញ្ញា អញ្ជើញចូលរួម ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា»។

លោកស្រី ទួត បញ្ញា បានឲ្យដឹងថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងត្រូវការជាចាំបាច់។

លោកស្រី ទួត បញ្ញា បានបន្ដទៀតថា កម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារៈបរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងចំនួនជាច្រើនលានដូស ក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ។

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសបានលើកឡើងថា ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ប្រទេសទាំងពីរ នឹងនៅតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត ក្នុងនោះមានដូចជា៖

១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

២៖ រួមគ្នាស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឲ្យបាន នូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លា នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម

៣៖ បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។

៤៖ បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ន នៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អនុគ្រោះ

៥៖ បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍដើម្បីទាំងអស់គ្នា ដោយផ្អែកលើគោលការណ៍សន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

៦៖ បន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ព្រមទាំងប្រកាន់ខ្ជាប់ពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល៕