(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កិត្តិសព្ទល្បីរន្ទឺរបស់សម្តេចតេជោ ហ៊ុន សែន រឹតតែផ្តល់បានបន្ថែមទៀតនូវភាពកក់ក្តៅ ទំនុកចិត្ត និងជាមោទនភាពសម្រាប់កូនៗ និងប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ស្របពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី។
តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា៖ ខ្ញុំសូមចូលរួមអបអរសាទរពុក ក្នុង

ឱកាសនៃការទទួលបានគ្រឿងឥស្សរិយសថ្នាក់មិត្តភាពសម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា ដែលផ្តល់ជូនដោយ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក កវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃ សហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ ក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។

លោក ពូទីន បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។

កម្ពុជា និងសាធារណរដ្ឋសហព័ន្ធរូស្សី បានភ្ជាប់ទនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៥៦ ដែលរហូតមកដល់ ឆ្នាំ ២០២១នេះមានរយៈពេល ៦៥ ឆ្នាំ មកហើយ ស្របពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីទៀតផងនោះ បានបន្ថែមនូវភាពកក់ក្តៅ ទំនុកចិត្ត និងជាមោទនភាពបំផុតជូនប្រជាជនកម្ពុជា៕