(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបើកឡើងវិញនូវផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលកន្លងមកធ្លាប់ជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជ្ញាធរសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវផ្សារព្រះដាក់ បន្ទាប់ពីបិទជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៧ ខែកក្កដា តទៅ។ ការសម្រេចនេះ ដោយសារអាជ្ញាធរអាចគ្រប់គ្រងស្ថានឆ្លងរាលដាលនៅទីតាំងនោះបានឡើងវិញ និងពុំមានករណីឆ្លងថ្មីនោះទេ។

ក្រៅពីផ្សារព្រះដាក់ ក្នុងលិខិតដាច់ដោយឡែកមួយទៀត អាជ្ញាធរខេត្តសៀមរាប ក៏សម្រេចបើកទីតាំង ផ្ទះ ជិត៣០ទីតាំងទៀត ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាបផងដែរ។ បន្ថែមពីនេះ ក៏បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ ស្ថាបនា ភីអិលស៊ី សាខាស្រុកជីក្រែង ឱ្យដំណើរការឡើងវិញផងដែរ។

គួររំលឹកថា អាជ្ញាធរបានសម្រេចបិទផ្សារព្រះដាក់បណ្ដោះអាសន្ន កាលពីថ្ងៃទី៥ ខែកក្កដា បន្ទាប់ពីអាជីវករបន្តបន្ទាប់តេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩៕