(កំពង់ឆ្នាំង)៖ លោក លី គឹមលន់ ជាក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោសែន នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តយោធាមួយគ្រឿង របស់លោកឧត្តមសេនីយ៍ត្រីម្នាក់ បានបុកម៉ូតូ១គ្រឿង បណ្ដាលឱ្យកុមារម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរសជាឪពុកបាក់ជើងម្ខាង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ នៅមុខសាលាស្រុករលាប្អៀរនោះ ជនរងគ្រោះបានទទួលសំណងរដ្ឋប្បវេណី ពីជនបង្កកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រួចរាល់ហើយ។

ទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារជាបន្ទាន់ ជួបជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មានលោកមេធាវី លី គឹមលន់, លោកមេធាវី សាំង វណ្ណៈ និងដឹកនាំដោះស្រាយផ្ទាល់ពីលោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ផងជាលទ្ធផល គឺជនរងគ្រោះ ប្ដី និងប្រពន្ធបានយល់ព្រមទទួល
យកសំណងរដ្ឋប្បវេណីចំនួន ១៧,០០០ដុល្លារអាមេរិក។

បុរស និងស្ត្រី ដែលជាអាណាព្យាបាលកុមាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារ ព្រមទាំងអរគុណលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានចូលរួមអន្តរាគមន៍ដោះស្រាយ, អរគុណក្រុមការងារគ្រប់ផ្នែកដែលបានប្រឹងប្រែងជួយចុះស្រាវជ្រាវពិនិត្យជាក់ស្តែងលើអង្គហេតុនៃវិវាទ និងសុខទុក្ខគ្រួសារជនរងគ្រោះដល់ទីកន្លែង។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រជាពលរដ្ឋ ដែលមានជីវភាពទន់ខ្សោយ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ សូមថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោក គី តិច ដែលបានគិតគូរអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងបានជួយដោះស្រាយនូវការលំបាកខាងលើនេះ រហូតជនបង្កសុខចិត្តផ្តល់សំណងរដ្ឋប្បវេណីមកជនរងគ្រោះចំនួន ១៧,០០០ដុល្លារអាមេរិក៕