(ត្បូងឃ្មុំ)៖ គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ។

ពិធីដុតបំផ្លាញគ្រឿងញៀន បានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២១ នៅរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ និងពិធីដុតកម្ទេចចោលនូវគ្រឿងញៀនទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៨ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, លោក ម៉ុង មុន្នីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

កងកម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានឱ្យដឹងថា «ការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, និងខេត្តព្រះវិហារ សរុបទម្ងន់ ១៣៤,១៣៩,៥៤គីឡូក្រាម និងគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន ៥៨គ្រាប់»

លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀន សាលាដំបូងខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សង្ខេបអំពីទិន្នន័យសំណុំរឿង និងវត្ថុតាងជាគ្រឿងញៀនប្រភេទជាម្សៅក្រាម សរុបទម្ងន់សរុប ១៣៤, ១៣៩,៥៤ក្រាម និងគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន ៥៨គ្រាប់ ទទួលបានពីខេត្តទាំង៨ ដែលត្រូវដុតបំផ្លាញនាឱ កាសនោះ រួមមាន៖

ទី១៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានសំណុំរឿងគ្រឿងញៀនចំនួន៣៤៧ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់១,៥១៤,៦៦ក្រាម។

ទី២៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានសំណុំរឿងចំនួន៧២ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ២,៣៧៨.៥ក្រាម។

ទី៣៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានសំណុំរឿងចំនួន៨៤ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៣,៣៣៣.៥៩ ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន៥៨ គ្រាប់។

ទី៤៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ មានសំណុំរឿងចំនួន១១៤ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៤,៤៣៨.១ក្រាម។

ទី៥៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានសំណុំរឿងចំនួន៦៥ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ១១៣,២៩១.៨៤ក្រាម

ទី៦៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី មានសំណុំរឿងចំនួន១៣៩ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ១,៣៦២.៥៣ ក្រាម។

ទី៧៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មានសំណុំរឿងចំនួន២៧ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៥៨៦.២០ក្រាម។

និងទី៨៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មានសំណុំរឿងចំនួន២២ សំណុំរឿង ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ៧,២៣៤.១២ក្រាម។

កម្លាំងចម្រុះបានបញ្ជាក់ថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺពួកឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូត ត្រង់ភាគច្រើនជាយុវវ័យឱ្យប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍រូមមាន៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ។

សមត្ថកិច្ចទាំងអស់ ទាំងមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសា្ថប័ន តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ ឬអត់ឱនដល់ជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាត ហើយបរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះ វានឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺននាក់ ជាក់ជាមិនខានឡើយ «ត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញឿនបំផ្លាញអនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល»