(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសារចរណែនាំ ស្ដីពី ការចែកចាយ និងលក់ឧបករណ៍ធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩។ នេះបើតាមសារចរណែនាំ របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សារចរណែនាំបានឲ្យដឹងថា ដើម្បីជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ឲ្យបានទូលំទូលាយ និងធានាបាននូវ គុណភាពដល់អ្នក ប្រើប្រាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១៖ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជីកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល និងគ្លីនិក។

២៖ ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបកាពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្តរហ័សនេះ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

៣៖ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជីកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថាន រងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍តេស្តរហ័សនេះ ពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះ តម្រូវឲ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេ អាចនឹងប្រឈមជាមួយតេស្តរហ័ស ដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលសង្ឃឹមថា គ្រឹះស្ថានឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមសារាចរណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕