(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យ និងពន្លឿនការសាងសង់ នៅទីតាំងការដ្ឋានទីលានចាក់សំរាម សម្រាប់ទីក្រុងកំពត ដែលបាននិងកំពុងដំណើរការសាងសង់ ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

នៅទីកន្លែងសាងសង់ខាងលើ លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិដ្ឋាន ក៏ដូចជាទីលានកន្លែងទុកដាក់ និងចាក់សំរាម គឺជាបញ្ហាសំខាន់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែក ធ្វើឲ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង។ ដោយឡែកសម្រាប់ទីក្រុងកំពតវិញ បច្ចុប្បន្នបញ្ហាសំរាម បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឲ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានណែនាំ ដល់ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា សហការជាមួយនឹងក្រុមហ៊ុនម៉ៅការឲ្យបានល្អ ដើម្បីឲ្យដំណើរការ កសាងទីលានចាក់សំរាមនេះ បានលឿនឆាប់រហ័ស ទៅតាមគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត ក្នុងការលើកកំពស់អនាម័យបរិស្ថានក្នុងក្រុងកំពត ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

យោងតាមមន្ត្រីជំនាញ ពាក់ព័ន្ធនឹងគម្រោងខាងលើ បានមួយដឹងថា: ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ប្រាក់ថវិកាក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ២លានដុល្លារ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ មានថេរវាលាសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដីប្រមាណជាង ១០ ហិកតា។

គម្រោងនេះបានចាប់ អនុវត្តតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖

* ១៖ ទីលានចាក់សំរាម ២ថត ចំនួន២
* ២៖ ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២
* ៣៖ ទីលានត្រងទឹកកខ្វក់ និងលំហួត
* ៤៖ អាគាររដ្ឋបាល និងប៉ុស្តិ៍យាម
* ៥៖ អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក
* ៦៖ ជួសជុលផ្លូវចូលទីលានកប់សំរាម
* ៧៖ កន្លែងថ្លឹងរថយន្ត
* ៨៖ កន្លែងស្តុក និងញែកសំរាម
* ៩៖ ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម។

បច្ចុប្បន្ន ការអនុវត្តគម្រោងសាងសង់នេះ បានប្រមាណជាង ១៦ភាគរយហើយ៕