(ព្រះវិហារ)៖ អំណោយរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀត ត្រូវបានលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារយកទៅប្រគល់ជូនមណ្ឌលធ្វើចត្តាឡីស័ក នៅឃុំកំពង់ស្រឡៅ ជាប់ព្រំដែនប្រទេសឡាវ ដើម្បីប្រើប្រាស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះ លោក សុខសាន្តតារ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត។

លោកអភិបាលស្រុកបានបន្តថា ជាក់ស្តែងក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរីករាលដាលចូលក្នុងសហគមន៍នោះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាជ្ញាធរខេត្តព្រះវិហារ ក៏បានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រនានាស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដូចជារៀបចំមណ្ឌលធ្វើចត្តាឡីស័ក រៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក៏ដូចជារៀបចំបច្ឆាសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ផងដែរ។

ជាមួយនឹងការររៀបចំទីតាំងទាំងនេះ ក៏ត្រូវការចាំបាច់បំផុតទៀតនោះ គឺការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ផងដែរ។ កម្លាំងប្រចាំការទាំងនេះ ទទួលបាននូវរបបផ្សេងៗ ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរខេត្តយ៉ាងទៀងទាត់។ ដោយឡែកអំណោយលោកទេសរដ្ឋមន្ត្រី មាស សុភា ដែលនាំមកប្រគល់ជូននៅពេលនេះ គឺបង្ហាញឱ្យឃើញពីការចូលរួមរបស់លោកទេសរដ្ឋមន្ត្រី និងក្រុមគ្រួសារ ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសលើកទឹកចិត្តដល់កម្លាំងដែលប្រចាំការនៅមណ្ឌលធ្វើចត្តាឡីស័កនេះ។

លោក សុខ សាន្តតារ៉ា ក៏បានថ្លែងណែនាំបន្ថែមដល់ក្រុមការងាររបស់ដែលប្រចាំការនៅមណ្ឌលធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ការពារខ្លួនជានិច្ចកុំឱ្យឆ្លងជំងឺកូវីដ១៩ ដែលវិធានការដ៏មានប្រសិទ្ធិភាពនោះ គឺបន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងអង្គភាពរបស់យើងពីជំងឺកូវីដ១៩។

អំណោយដែលនាំយកទៅប្រគល់ជូនរួមមាននាពេលនេះរួមមាន៖ អង្ករ ២០០គីឡូក្រាម ត្រីខ ៥យួរ មី ៥កេស ទឹកបរិសុទ្ធ ៧០យួរ និងថវិកា ១២០០,០០០រៀល៕