(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាប្រឈម នៅចំពោះមុខ និងសម្រួលដល់ចរន្តទឹកហូរ ការពារកុំឱ្យជនលិចតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះពិនិត្យសកម្មភាពកាយប្រមូលសម្រាម ចេញពីប្រឡាយដើម្បីរំដោះទឹក និងមួយផ្នែកទៀត ដើម្បីបរិស្ថាន អនាម័យល្អ។

សកម្មភាពចុះរៀបចំប្រមូលសម្រាម ចេញពីប្រឡាយនេះដែរ លោកអភិបាលខណ្ឌបានណែនាំឱ្យមន្ត្រីក្រុមការងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយអញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំឱ្យជនលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

មួយផ្នែកទៀតយើងបានចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាប់ ដើម្បីទីក្រុងស្អាត បរិស្ថានល្អ អនាម័យល្អ។ លើសពីនេះទៀត ត្រូវចលនាអោយបានទូលំទូលាយប្រាប់ដល់ប្រជាពលរដ្ឋចូលរួមសហការទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំយកមកបោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើឱ្យស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះដែរ លោកអភិបាលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយ និងតំបន់ជុំវិញ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលអោយស្ទះចរន្តទឹក និងបង្កឱ្យមានបរិស្ថានមិនល្អក្នុងតំបន់។

ក្នុងនោះលោកអភិបាលខណ្ឌបានដាក់ផែនការឱ្យអាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ។

សូមបញ្ជាក់ថា សកម្មភាពរបស់លោកអភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យ និងជំរុញការស្តារប្រឡាយ តភ្ជាប់ពីប្រឡាយព្រែកបារាំង ដល់ខាងកេីតវិទ្យាល័យច្បារអំពៅ ប្រវែងជាង៥០០ម៉ែត្រ និងចាត់ចែងគ្រឿងចក្រកើបកាយយកគំនរសំរាម ចេញពីប្រឡាយ ដែលប្រជាពលរដ្ឋរស់នៅតំបន់នោះយកមកបោះចោល៕