(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយចំនួន៥ គ្រឿងហើយ ដោយមានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡា សុឆន្ទះទន្លេមេគង្គ ឆ្នាំ២០១៦ (Goodwill Mekong Games 2016) ដែលរៀបចំនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ ។

យោងតាម Facebook Page របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡាក ដែលជាប្រតិភូ ដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមលើកនេះបានឲ្យដឹងថា «ក្រុមកីឡាវាយកូនឃ្លីលើតុកម្ពុជា បានឈ្នះមេដាយមាស ១គ្រឿងទៀតនាព្រឹកមិញនេះ» ពីវិញ្ញាសាវាយជាគូ ប៉ុន្ដែមិនបានបញ្ជាក់ថា បានយកឈ្នះក្រុមកីឡាវាយកូនឃ្លីលើតុ ប្រទេសណាខ្លះនោះទេ បន្ថែមទៅលើមេដាយ៤គ្រឿង ដែលបានឈ្នះកាលពីថ្ងៃម្សិលមិញ ។

ទោះជាយ៉ាងណា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយទៀត ខណៈពេលនេះកម្ពុជា ដណ្ដើមបានមេដាយមាស ៣គ្រឿងក្នុងដៃហើយ ហើយក៏មានមេដាយប្រាក់១គ្រឿង និងមេដាសំរឹទ្ធ១គ្រឿងផងដែរ ដែលក្រុមអត្តពលិកដណ្ដើមបានលើវិញ្ញាសាកីឡាវាយកូនឃ្លី​ លើតុប្រកួតជាក្រុម និងការប្រកួតជាក្រុមផ្នែកកីឡាប៉េតង់ គ្រាដែលវិញ្ញាសាបាល់ទាត់ ទើបរកបាន៤ពិន្ទុក្នុងដៃ ក្រោយ U-19 កម្ពុជា លេងស្មើ ៣-៣ ទល់នឹងម្ចាស់ផ្ទះ U-19 ថៃ និងឈ្នះ U-19 មីយ៉ាន់ម៉ា ៧-០ ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូន៥ប្រភេទកីឡា ទៅចូលរួមប្រកួតក្នុងយុទ្ធនាការ Goodwill Mekong Games លើកទី១២ ឆ្នាំ២០១៦ ដែលមានកីឡាប៉េតង់ វាយកូនឃ្លីលើតុ បាល់ទាត់ក្រុម (U-19) វាយសី និងសីប៉ាក់តាក្រ ដើម្បីប្រកួតប្រជែង ដណ្តើមយកមេដាយជាមួយនឹង៥ប្រទេសផ្សេងទៀត ឡាវ មីយ៉ាន់ម៉ា ចិន វៀតណាម និងម្ចាស់ផ្ទះថៃ ៕