(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ពីស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីផ្តល់ជូន ពលករចំណាកស្រុក ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ពិធីនេះ មានការចូលរួមពី លោក ជិរ៉ាវុឌិ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម អមដំណើរដោយមន្ត្រីរាជការ នៃស្ថានទូតថៃ ជាតំណាងនៃស្ថានទូតថៃ និងការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិ ប្រចាំកម្ពុជា ព្រមជាមួយតំណាង នៃវិស័យឯកជនថៃ នៅកម្ពុជា ជាច្រើនរូបទៀត។

កម្មវិធីរបស់ស្ថានទូត និងវិស័យឯកជនថៃ នៅកម្ពុជានេះ មានគោលបំណងជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការមើលថែទាំពលករកម្ពុជា ដែលទទួលរងផល ប៉ះពាល់ ពីការឆ្លងរាលត្បាតនៃជំងឺកូវីដ-១៩ ដែលចាត់ទុកជាស្ពឺដ៏សំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចថៃ និងកម្ពុជា។

លើសពីនោះទៀត ស្តែងឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលថៃ នៅក្នុងការយកចិត្តទុកដាក់ពលករកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេសថៃ ក៏ដូចជាបានធ្វើដំណើរត្រលប់មកកម្ពុជាវិញ ដូចគ្នាដែរ។

គូសបញ្ជាក់ថា នាពេលកន្លងមក ស្ថានទូត និងវិស័យឯកជនថៃ នៅកម្ពុជា ក៏បានរួមគ្នាប្រគល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់ពលករចំណាកស្រុកកម្ពុជា នៅមណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យផងដែរ៕