(ភ្នំពេញ)៖ ការិយាល័យភូមិបាលខណ្ឌកំបូល ក្រុមការងារវាលទី៧ បានសហការជាមួយជាមួយអាជ្ញាធរភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ បានរៀបចំចុះផ្សព្វផ្សាយ សេចក្តីប្រកាសជាតំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណ:ជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកមានក្បាលដីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណ:ចូលរួមក្នុងដំណើរការចុះបញ្ជីដីធ្លីដែលមានលក្ខណ:ជាប្រព័ន្ធជាមួយក្រុមការងារវាលទី៧ដែលនឺងចាប់ផ្តើមដំណើរការចុះវាស់វែងនៅសប្តាហ៍ក្រោយ។

ការរៀបចំចុះផ្សព្វផ្សាយខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយប្រើរថយន្តមានឧបករណ៍បំពងសម្លេង បើកតាមផ្លូវភូមិផ្សព្វផ្សាយសេចក្តីជូនដំណឹង ដោយយោងតាមសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណ:ជាប្រព័ន្ធលេខ ០៨០/២០សជណ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ បានឲ្យដឹងថា ក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធ សូមជម្រាបជូនដំណឹងដល់សាធារណៈជនដែលជាអ្នកកាន់កាប់លំនៅឋាន ដីសាងសង់ទាំងអស់ដែលមានទីតាំងនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញឲ្យបានជ្រាបថាក្រុមការងារចុះបញ្ជីរដីធ្លីនិងចុះកំណត់ព្រុំវាស់វែងនិងប្រមូលទិន្នន័យចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១តទៅ។

លោក ប៉ុក បញ្ញាធិ បានបន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលមានលំនៅដ្ឋានដីសាងសង់ព្រមទាំងអ្នកពាក់ព័ន្ធការកាន់កាប់ដីដែលមានក្បាលដីស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញសូមអញ្ជើញចូលរួមផ្តល់ព័ត៌មាននិងឯកសារដែលមានទីតាំងនៅបរិវេណសាលាបឋមសិក្សាទួលកីចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៨ៈ០០រាល់ថ្ងៃធ្វើការ។

ជាមួយគ្នានេះដែរលោក ប៉ុក បញ្ញាធិ បានអំពាវនាវដល់ប្រជាពលរដ្ឋថា សូមចេះការពារខ្លួនពីជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា៕