(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ ឱ្យមានភ្ញាក់រលឹក ព្រោះថាឃើញបងប្អូនយើងមួយចំនួន ហាក់ដូចជាភ្លេចខ្លួន និងមានសំអាងទៅលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយភ្លេចវិធានការការពារខ្លួន ដោយមានការប្រមូលផ្ដុំហូបចុបជុំគ្នា ការជួយជុំគ្នាច្រើន គឺជាការបង្កឱកាសឱ្យមានរីករាលដាលជំងឺកូវីដ១៩ធំណាស់ ជាពិសេសសូមកុំភ្លេចថា ក្នុងបរិបទនៃការរាតត្បាតវីរុសបម្លែងថ្មី។

លោកស្រីថ្លែងបញ្ជាក់ក្នុងឱកាសនាំយកថវិការបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់លោកតាលោកយាយចំនួន១៣នាក់ ម្នាក់៣លានរៀលដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថា
ប្រភេទវីរុសដែលកំពុងរាតត្បាត និងព្រួយបារម្ដខ្លាំងនោះ គឺពពួក Alpha មានការឆ្លងរហូតដល់ ១៨០ប្រទេស, Beta ១៣០ប្រទេស, Delta ១២៤ប្រទេស និងGamma ៧៨ប្រទេសរួចមកហើយ សម្រាប់កំណើតក្នុងមួយសប្ដាហ៍ដែល គេសង្គេតឃើញចំពោះ Alpha កំណើត២ប្រទេស Beta ៧ប្រទេស, Delta ១៣ប្រទេស, Gamma ៣ប្រទេស ដែលឆ្លុះបញ្ចំងឱ្យឃើញថា កំណើនវីរុស គឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យកម្ពុជាយើង មិនអាចគេចផុតពីការឆ្លង ដោយកន្លងមកយើងមើលឃើញថា មានការនាំចូលនូវវីរុស Delta តាមរយៈអ្នកធ្វើណើរពីច្រកព្រំដែន តាមផ្លូវគោក និងផ្លូវអាកាស។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «កាន់តែសំខាន់ជាងនោះទៅទៀត គឺការរាតត្បាតវីរុស Alpha ដែលជាប្រភេទដែលយើងកំពុងបារម្ដ ព្រោះកំពុងតែចរាចរណ៍នៅប្រទេសកម្ពុជាយើងហើយ ដោយមកទល់នឹងពេលនេះឆ្លងច្រើនរាប់រយនាក់ហើយ ក្នុងនោះអ្នកជំងឺយើងសព្វថ្ងៃ ដែលកំពុងតែមានការវិវឌ្ឍទៅការឆ្លងច្រើន និងស្លាប់ច្រើន ក៏វាពាក់ព័ន្ធទៅលើការវាយលុយ នៃប្រភេទវីរុសទាំងនេះដែរ។ ដោយឡែកសម្រាប់ពពួកដែលតា ដែលយើងបារម្ដគ្រប់គ្នានេះ ក៏កំពុងរកឃើញនៅតាមច្រកព្រំដែនផងដែរ ហើយយើងរកឃើញកើនពីមួយថ្ងៃទៅមួយទៅ»

«សូមអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលនេះ បើនៅតែព្រងើយកន្ដើយ នៅតែមិនគិតថា ស្ថានភាពនៃការរាតត្បាតនៃវីរុស១៩នាពេលបច្ចុប្បន្ននេះ ដែលជាស្ថានភាពមួយដែលអាចឈានទៅដល់ការហូសបន្ទាត់ក្រហម នៅពេលនោះ យើងនឹងមានការលំបាកធំជាងពេលនេះទៅទៀត។ ចាំបាច់ណាស់នៅដំណាក់កាលនេះ បុគ្គលគ្រប់រូប ជាពិសេស គឺសហគមន៍របស់យើងត្រូវតែរួមសាមគ្គីគ្នា ដើម្បីចាត់ចែងអនុវត្ដន៍វិធានការ ៣ការពារ ៣កុំ។ លើសពីគឺឱ្យសហគមន៍របស់យើងត្រូវ គោះស្គរ គោះប៉ោត គោះធុងឡើង ឱ្យក្ដូងក្ដាំ កុំឱ្យនៅស្ងៀម ព្រោះថាកាលណាស្ងៀម ដែលធ្វើឱ្យប្រជាពលរដ្ឋ គិតថា មិនអីទេ ដែលគំនិតថាមិនអីទេៗ នោះនឹងធ្វើឱ្យយើងភ្លេចខ្លួន នោះវីរុសនោះមក»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។

លើសពីនោះលោកស្រី ឱ វណ្ណឌីន ក៏ពន្យល់លម្អិតពីមូលហេតុនៃការស្លាប់របស់អ្នកជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះផងដែរថា តាមការពិនិត្យយើងសង្គេតឃើញថា អ្នកស្លាប់បាត់បង់ជីវិតមួយចំនួនធំដោយជំងឺកូវីដ១៩ ភាគច្រើនមនុស្សចាស់ នៅតាមបណ្ដារាជធានី-ខេត្ដ ដែលគាត់នៅតាមភូមិឃុំរបស់គាត់ នៅពេលដែលគាត់ឈឺ គាត់នឹកមិនដល់ជំងឺកូវីដ១៩នោះទេ កាលណាគាត់វ័យចាស់ គាត់មិនបានធ្វើដំណើរចេញទៅណា ពិសេសក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្ដែគាត់ភ្លេចគិតថា គាត់អត់ដើរ តែកូនចៅគាត់ដើរ ហើយនៅពេលកូនចៅគាត់ដើរ ហើយមិនបានការពារ នោះត្រលប់មកវិញជួបជាមួយគាត់ បាននាំនូវវីរុសនោះមកចម្លងគាត់។

ដូច្នេះនៅពេលគាត់ឈឺ គាត់មិនបាននឹកគិតថា គាត់នឹងឆ្លងទេ គាត់នៅសម្រាកធម្មតា រហូតដល់ពេលគាត់មានបញ្ហាផ្លូវដង្ហើម បានគាត់ចាំផ្ដើមគិតថា គាត់ប្រហែលជាឆ្លងជំងឺកូវីដហើយ ក៏រត់ទៅរកគ្រូពេទ្យ តែពេលនោះស្ថានភាពជំងឺគាត់វិវឌ្ឍទៅលឿន ដោយសារវីរុសបម្លែងនេះ ខ្លះទៅពេទ្យមិនទាន់ដល់ផង ខ្លះទៅពេទ្យបានមួយសន្ទុះ ក៏បានស្លាប់ទៅហើយ។ ដោយសារតែស្ថានភាពវាយលុកក្នុងរាងកាយរបស់គាត់ បានខ្លាំងទៅហើយ ដូច្នេះហើយបានជាគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ហើយស្ថានភាពបែបនេះ មិនមែនមានតែនៅកម្ពុជាយើងនោះទេ គឺនៅលើសកលលោក៕