(​អាហ្វ្រិក​ខាងត្បូង​)៖ បំណែក​មួយ​ដែល​មើលទៅ​ហាក់ដូចជា គម្រប​ម៉ាស៊ីន​ផលិត​ដោយ​ក្រុមហ៊ុន Rolls Royce ត្រូវបាន​រកឃើញ នៅ​ឆ្នេរ​ខ្សាច់មួយ នា​ប្រទេស​អាហ្វ្រិក​ខាងត្បូង នេះ​បើ​តាម​សារព័ត៌មាន​ស៊ិន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។

​អាជ្ញាធរ​ម៉ាឡេស៊ី បានឲ្យដឹងថា ខ្លួន​នឹង​បញ្ជូន​មន្ត្រី​មួយក្រុម ដើម្បី​ត្រួតពិនិត្យ​បំណែក​នោះ ដែល​វា​នឹង​ត្រូវ​ធ្វើ ការត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់ ដើម្បី​កំណត់​ថា​វា​គឺជា​ផ្នែក​មួយ របស់​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH370 ដែល​បាន​បាត់​ដំណឹង​មិន​បន្សល់​ទុក​ដាន កាលពី​ខែ​មីនា ឆ្នាំ​២០១៤​។

​បំណែក​២​ទៀត ដែល​អាច​ជា​របស់​យន្ត​ហោះ ត្រូវបាន​រកឃើញ នៅ​ប្រទេស​ម៉ូ​ហ្សា​ប៊ី​ក ដោយ​យុវជន ប្រទេស​អាហ្វ្រិក​ខាងត្បូង​ម្នាក់ និង​មេធាវី​សហរដ្ឋ​អាម៉េរិក​ម្នាក់ នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ត្រូវបាន​បញ្ជូន​មកដល់ ប្រទេស​អូស្ត្រាលី​ហើយ ដើម្បី​ធ្វើការ​វិភាគ​។

«​ផ្អែក​ទៅលើ​របាយការណ៍​ដំបូង វា​អាច​ជា​បំណែក​ពិតប្រាកដ នៃ​គម្រប​ម៉ាស៊ីន​យន្តហោះ​» នេះ​បើ​តាម​រដ្ឋមន្ត្រី ដឹកជញ្ជូន​ម៉ាឡេស៊ី លោក Liow Tiong Lai បាន​ប្រាប់​អ្នកសារព័ត៌មាន​។ បំណែក​ចុងក្រោយ ដែល​ត្រូវបាន​រកឃើញ បានបង្ហាញ​ថា​វា​ជា​ផ្នែក​មួយ នៃ​ម៉ាស៊ីន​យន្តហោះ ដែល​មាន​ស្លាក​សញ្ញា Rolls-Royce ត្រូវបាន​រកឃើញ​នៅ​ឆ្នេរ Mossel Bay ជា​តំបន់​តូច​មួយ នៃ​ខេត្ត Western Cape ដោយ​លោក Neels Kruger ជា​បុរាណវត្ថុវិទូ​ម្នាក់​៕​