(ភ្នំពេញ)៖ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ដូច្នេះហើយ មុនចូលព្រះវស្សានៅថ្ងៃស្អែកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចាក់អង្រែលើ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត ខណៈដែលពិធីបុណ្យចូលព្រះវស្សាឈានមកដល់ ហើយក៏ស្ថិតក្នុងបរិបទរីករាលដាលជំងឺកូវីដ១៩ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារយើងខ្ញុំ នាំយកទានព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា មិនឱ្យខកខានឡើយ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងទៀតថា ទេយ្យវត្ថុផ្តល់ជូនវត្តចាក់អង្រែលើរួមមាន៖ ទៀនព្រះវស្សា១គូ, អង្ករ១តោន, មី២០កេស, ត្រីខ៥កេស, ទឹកស៊ីអ៊ីវ៣៦ដប, ទឹកត្រី៣៦ដប, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ២០កេស, ស្ករស២០គីឡូក្រាម, ទឹកដោះគោខាប់២កេស, អូរវ៉ានទីន២កេស, ត្រីងៀង១០គីឡូក្រាម, សាច់ក្រក១០គីឡូក្រាម, អាល់កុល៦០លីត្រ, ម៉ាស១កេស ស្មើនឹង២៥០០ម៉ាស់ និងថវិកា ៥លានរៀល។

ជាមួយគ្នានោះ ព្រះចៅអធិការវត្ដចាក់អង្រែលើ បានមានព្រះពុទ្ធដិការ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថា នៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។ លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

ព្រះចៅអធិការវត្ដ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត និងសូមឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ។

សូមជម្រាបថា ក្នុងឱកាសលោកស្រី ម៉ែន នារីសោភ័គ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចាក់អង្រែលើ លោកស្រី ក៏បានអញ្ជើញទៅសួរសុទុក្ខ និងប្រគេនទេយ្យវត្ថុ ភេសជ្ជៈ បច្ច័យមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖ អង្គរ២០០គីឡូក្រាម, មី៥កេស, ត្រីខ១កេស, ទឹកដោះគោឆៅ២កេស, ទឹកត្រចៀកកាំ២កេស, និងថវិកា ២លានរៀល វេរប្រគេន ព្រះភិក្ខុ កែវ ប៊ុន មានព្រះជន្ម ១០៨វស្សា ដែលព្រះអង្គបានបួសជាសង្ឃ និងគង់នៅក្នុងវត្តខាងលើនេះ តាំងពីថ្ងៃក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោកយាយ លី ង៉ូវ អាយុ៨៨ឆ្នាំ និងលោកតា ស្រី ព្រុំ អាយុ៨៤ឆ្នាំ ពុំមានសាច់ញាតិ ដែលរស់ក្នុងវត្តចាក់អង្រែលើ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១០០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង និងថវិកា២០០,០០០រៀល។

លើសពីនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បន្តដំណើរអញ្ជើញទៅពិនិត្យទីតាំងសម្រាប់សាងសងកុដិ ដែលមាន៣បន្ទប់ ដែលជាថវិកាផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ព្រះភិក្ខុ កែវ ប៊ុន, លោកយាយ លី ង៉ូវ និងលោកតា ស្រី ព្រុំ ផងដែរ៕