(ព្រះវិហារ)៖ បន្ទាប់ពីផ្សារកំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះ បានធ្វើឲ្យបងប្អូនអាជីវករដែលលក់ បន្លែ ត្រី សាច់ មួយចំនួន បង្ខំចិត្តលក់ដូរតាមដងផ្លូវនានា ក៏ដូចជាតាមផ្ទះផងដែរពិសេសនៅជុំវិញផ្សារ។

ក្នុងទិសដៅរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្រុងព្រះវិហារ ពិសេសលុបបំបាត់ការលក់ដូរបែបអណាធិបតេយ្យ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះ អាជ្ញាធរក្រុងព្រះវិហារ បានរៀបចំទីតាំងលក់ដូរបណ្តោះអាសន្នមួយកន្លែងនៅជិតវិមានឯករាជ្យ ដើម្បីឲ្យអាជីវករយើងទៅលក់នៅទីនោះ។ ជាមួយគ្នានេះ ដើម្បីឲ្យបានលក់ដូរនៅកន្លែងថ្មី អាជីវករម្នាក់ៗ ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ១៩ជាមុនសិន នឹងបង្ហាញលទ្ធផលតេស្តសំណាក ដែលចេញដោយមន្ត្រីសុខាភិបាលផងដែរ។

មន្ត្រីសាលាក្រុងព្រះវិហារមួយរូប បានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ជាគោលការណ៍ គឺមិនឲ្យអាជីវករលក់ដូរនៅតាមផ្លូវ តាមផ្ទះនោះទេ មូលហេតុដោយសារអាជីករទាំងនោះពាក់ព័ន្ធ នឹងជំងឺកូវីដ១៩ នៅផ្សារកំពង់ប្រណាក។ ទីតាំងផ្សារបណ្តោះអាសន្នដែលអាជ្ញាធរបានរៀបចំនៅជិតវិមានឯករាជ្យនោះ គឺមានទីតាំងច្បាស់លាស់ រក្សាគម្លាតសុវត្ថិភាពទៀតផង ពិសេសមុននឹងអនុញ្ញាតឲ្យអាជីវករចូលទៅលក់ គឺត្រូវស្គែនកំដៅ បាញ់អាល់កុលជាមុន ចំពោះអ្នកចូលទិញក៍យើងអនុវត្តន៍បែបនេះដែរ។

មន្ត្រីដដែលបានចោទជាសំណួរថា តាមពិតអាជីវករនៅផ្សារកំពង់ប្រណាក ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័រយៈពេល១៤ថ្ងៃនៅមណ្ឌល ចំណែកអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ប៉ុន្តែពួកគាត់ដែលធ្វើចត្តាឡីស័កនៅតាមផ្ទះខ្លះ គឺមិនបានអនុវត្តន៍តាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរនោះទេ ផ្ទុយទៅវិញគឺគាត់នៅតែប្រកបការលក់ដូរក្នុងផ្ទះជាធម្មតា លុះអាជ្ញាធរអនុវត្តន៍តាមច្បាប់ គាត់បែរជាមានការអាក់អន់ចិត្ត និងរិះគន់មកលើអាជ្ញាធរតាមបណ្តាញសង្គមទៀតផង។

ចំពោះផ្សារបណ្តោះអាសន្ននៅជិតវិមានឯករាជ្យ ដែលអាជ្ញាធររៀបចំឲ្យពួកគាត់លក់ដូរនោះ សំខាន់អាជ្ញាធរចង់គ្រប់គ្រងឲ្យបានច្បាស់លាស់ ព្រោះពួកគាត់មានការពាក់ព័ន្ធជំងឺកូវីដ១៩ ក្នុងផ្សារកំពង់ប្រណាករួចហើយ។

ស្របពេលដែលពួកគាត់មកលក់នៅទីនេះ មុននឹងចូលលក់គឺត្រូវស្គែនកំដៅ បាញ់អាល់កុលជាមុន ចំណែកអ្នកទិញក៏អីចឹងដែរ។ ចុះបើគាត់លក់ដូរនៅផ្ទះតើមានមន្ត្រីឯណាសម្រាប់តាមដានសុខភាពគាត់? ដូច្នេះការដែលបើកផ្សារបណ្តោះអាសន្ននេះ គឺចង់តាមដានសុខភាពរបស់ពួកគាត់ និងកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩ ក្នុងផ្សារកំពង់ប្រណាក ក៏ដូចជាក្នុងខេត្តព្រះវិហារទាំងមូល។

មន្ត្រីដដែលរូបនេះក៏បានថ្លែងទៀតថា មកដល់ពេលតាមរយះការធ្វើតេស្តសំណាក បានរកឃើញអាជីវករជាង៣០នាក់ហើយមានផ្ទុកជំងឺកូវីដ១៩ ហើយលោកក៏អំពាវនាវឲ្យបងប្អូនអាជីវករ ត្រូវមានការយោគយល់ចំពោះការអនុវត្តន៍ ច្បាប់របស់អាជ្ញាធរ ពិសេសត្រូវយល់ពីសភាពការណ៍ជាក់ស្តែងដែលជំងឺកូវីដដែលកំពុងតែឆ្លងរីករាលដាល ពិសេសនៅក្នុងខេត្តព្រះវិហាររបស់យើង ហើយយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩៕