(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។ នេះបើតាមលិខិតរំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

លិខិតរំលែកទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលផ្ញើទៅនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឧបាសក ឆៃ គឹមឆន នៅថ្ងៃសុក្រ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ»

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា មរណភាពរបស់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតា ដែលជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឲ្យកូន-ចៅ បានក្លាយជាបញ្ញាវន្ដ និងជាថ្នាក់ដឹកនាំដែលមានស្នាដៃក្នុងការថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបថា ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕