(ភ្នំពេញ)៖ កម្លាំងជំនាញ នៃមន្តីរប្រឆាំងបទល្មើសគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះវៀតណាម៤នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុប ១៥៦គីឡូក្រោម។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជាលទ្ធផលក្រោយទទួលបានបទបញ្ជា នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និងលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង បានចុះសើុបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ៨០ផ្លូវM៣ បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងជំនាញចាប់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ រួមមាន៖ ទី១៖ ឈ្មោះ ហម សាវុធ អាយុ៥២ឆ្នាំ, ទី២៖ ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) អាយុ៣១ឆ្នាំ, ទី៣៖ ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG) អាយុ២៦ឆ្នាំ, ទី៤៖ ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG) ភេទស្រី អាយុ២៥ឆ្នាំ និងទី៥៖ ឈ្មោះ ហ្វ័ង ង៉ុកហាន (HOANG NGOC HAN) ភេទស្រី អាយុ២៥។

វត្ថុតាងចាប់យកបាន រួមមាន៖ អ៉ីចស្តាស៉ី (MDMA) ទម្ងន់សុទ្ធ១០១គីឡូ និង៩៨២.០៤ក្រាម, កាទីណូន (CATHINONE) ទម្ងន់សុទ្ធ៣៩គីឡូ និង៨៥៤ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៤គីឡូ និង៤៥០.៧៦ក្រាម, កេតាមីន (KETANINE) ទម្ងន់សុទ្ធ១១២.៨១ក្រាម, សារធាតុរាវប្រភេទ អាសេតូន មានទម្ងន់សុទ្ធ៦គីឡូ និង៦៦៨.២៥ក្រាម ព្រមទាំងមធ្យោបាយបម្រើក្នុងការកែច្នៃ សារធាតុញៀនជាច្រើនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធីច្បាប់៕