(ភ្នំពេញ)៖ ក្រុមខ្មាន់កាំភ្លើង២នាក់ បានបាញ់មួយគ្រាប់ ដើម្បីរំដោះខ្លួន ក្រោយពីកម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ បន្ទាប់ពីជនទាំងនេះ បានកាប់ទៅលើជនរង​គ្រោះ​ម្នាក់​​បណ្តាលឲ្យចំស្មា​រងរបួសធ្ងន់ ក្នុងចំណោម​២នាក់ ខណ:ដែលជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាទៅហូប​បង្អែម នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ភ្នាក់ងារ Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ បានរាយការណ៍ថា ខណ:ជនរងគ្រោះ២នាក់ កំពុងជិះម៉ូតូ ទៅហូបបង្អែម ស្រាប់តែលេខមុខជន​សង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ មកកាប់ត្រូវជនរងគ្រោះម្នាក់ចំស្មា បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ និងភ្លាមៗនោះ កម្លាំងប្រជាការពារ បានទាក់ទងទៅសមត្ថកិច្ច រួចហើយកម្លាំងសមត្ថកិច្ច បានដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យទាំង២នាក់ បាញ់មួយគ្រាប់។

​ក្រោយបាញ់ប្រហារ កម្លាំងសមត្ថកិច្ច បានដកថយទៅវិញ ពីព្រោះខ្លាចចំគ្រាប់កាំភ្លើង ប៉ុន្តែបានហៅកម្លាំងបន្ថែម ដើម្បីដេញតាមបង្ក្រាប រហូតរកឃើញម៉ូតូមួយគ្រឿង ដែលជនសង្ស័យទាំង២នាក់ បោះបង់ចោល។

សម្រាប់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពួកគេមិនដែលស្គាល់ ជនសង្ស័យនោះទេ ដូច្នេះមិនដឹងពីមូកហេតុដែលនាំឲ្យកាប់ប្រហារនេះឡើយ។ យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច កំពុងធ្វើការ​សួរនាំ ដើម្បីកមូលហេតុពិត៕