(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូន ខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឱ្យដឹងថា «ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្នុងនាមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាអ្នកឆ្លងកាត់ និងជាសក្ខីជន នៃចំណងមិត្តភាពដែកថែប រវាងគណបក្ស រដ្ឋាភិបាល និងកងទ័ពទាំងពីរ ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះបំផុតជូនចំពោះគណបក្សកុម្មុយនិស្តចិន និងកងទ័ពរំដោះប្រជាជនចិន»

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា រយៈពេល ៩៤ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន បានយកការបម្រើប្រជាជនដោយស្មោះអស់ពីដួងចិត្ត ចាត់ទុកជាគោលការណ៍របស់ខ្លួនបានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើនសម្រាប់ការសម្រេចបាននូវឯករាជ្យជាតិ ការរំដោះប្រជាជន និងភាពស្តុកស្តម្ភនៃជាតិ បានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅលើពិភពលោក និងក្នុងតំបន់។

ក្នុងលិខិតដដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំយុទ្ធសាស្ត្រដ៏ឈ្លាសវៃ របស់ប្រធានាធិបតីចិន Xi Jinping និងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី គណបក្ស ប្រទេស និងកងទ័ពទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមក លើផលប្រយោជន៍ស្នូល និងបញ្ហាចម្បង បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយប្រទេស និងកងទ័ពនៅលើពិភពលោក។

ជាពិសេសនោះ គឺកងទ័ពទាំងពីរប្រទេសបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនលើវិស័យ រក្សាសន្តិភាព បោសសម្អាតមីន មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយោធានិងវេជ្ជសាស្រ្តជាដើម បានបញ្ចូលអត្ថន័យថ្មីៗ កាន់តែច្រើនក្នុងកិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជា និងចិន ជាពិសេស គឺសហគមន៍យោធាទាំងពីរ ប្រទេសកម្ពុជា និងចិន៕

ខាងក្រោមនេះ ជាខ្លឹមសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖