(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលបានអំណោយម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ e-COND LIFE និងទឹកបន្តក់កម្ចាត់មេរោគ INCU++29 ពីក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក (WKL Ecoearth Indochina Co., Ltd.) ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

តំណាងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោក ថាយ ម៉េងគ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនដាប់ ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩ ។

លោក លឹម តារា ប្រធានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ក៏បានណែនាំអំពីអត្ថប្រយោជន៍ និងវិធីប្រើប្រាស់ ដល់មន្ត្រីតំណាង ហើយលោក សង្ឃឹមថា ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ e-COND LIFE និងទឹកបន្តក់កម្ចាត់មេរោគ INCU++29 នេះ អាចចូលរួម ចំណែក ក្នុងការការពារសមាជិកសមាគម ឲ្យគេចផុតពីការឆ្លងមេរោគផ្សេងៗ។

គួរបញ្ជាក់ផងដែលថា ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ e-COND LIFE គឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ និងកម្ចាត់មេរោគ បច្ចេកវិទ្យាសិង្ហបុរី អាចគ្របដណ្តប់ដល់ ទៅ៣,០០០ ហ្វីត ការ៉េ អាចសម្អាតលឿនជាងម៉ាស៊ីនធម្មតាដល់ទៅ៦ដង និងអាចសម្លាប់នូវពពួកប៉ាតេរី មេរោគ និងវីរុសដល់ទៅ ៩៩.៩៩% ដែលមានក្នុងបរិយាកាស និងនៅលើផ្ទៃរឹង និងទន់។

ទឹកបន្តក់កម្ចាត់មេរោគ INCU++29 ជាផលិតផលកាណាដា ដែលផលិតឡើងពីរ៉ែ សរីរាង្គកម្រិតអាហារ ១០០% មិនប៉ះពាល់សុខភាព ទទួលស្គាល់ដោយមូលនិធិ អនាម័យជាតិ (NSF) និងទីភ្នាក់ងារការពារបរិស្ថាន (EPA) របស់ប្រទេសអាមេរិក សាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងនៃទីក្រុងប៉េកាំង និង សេវាកម្មវាយតម្លៃវិញ្ញាបនប័ត្រ (ICAS) នៃទីក្រុងសៀងហៃរបស់ប្រទេសចិន វិទ្យាស្ថានសុខាភិបាលនិងវេជ្ជសាស្រ្តសហគមន៍របស់ប្រទេសម៉ាឡេស៊ី៕