(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញការមិនខ្វាយខ្វល់ ជាមួយអ្នកដែលតិទៀនច្បាប់នៅកម្ពុជានោះទេ ខណៈសម្ដេចបានអះអាងថា ច្បាប់ដែលបង្កើតឡើងមកនេះ គឺដើម្បីតែការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកជីវិតធ្វើដើមទុនរំដោះប្រជាពលរដ្ឋកម្ពុជា ចេញពីជ្រោះមរណនៃសង្គ្រោះ រហូតទទួលបានសុខសន្ដិភាព និងកំពុងតែសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋចេញពីក្រញ៉ាំ នៃជំងឺកូវីដ១៩រូបនេះ បានលើកឡើងថា ដំបូងបំផុតដែលមនុស្សត្រូវទទួលបាន គឺសិទ្ធិរស់រាន់មានជីវិត មិនមែនសិទ្ធិ នៃការបញ្ចេញមតិ ឬប្រជាធិបតេយ្យនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺសុខមាលភាពរបស់ប្រជាជន ជីវិតរបស់ប្រជាជន ត្រូវបានធានា ហើយជីវិតដំបូងបំផុត មិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រាន់មានជីវិតដែលត្រូវតែទទួលបានមុន។ ដូច្នេះទោះបីអ្នកណាចង់និយាយពីអី ក៏និយាយទៅ តិទៀនច្បាប់កម្ពុជា ក៏តិទៀនទៅចុះ តែច្បាប់របស់កម្ពុជាធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺអ្នកនិយាយតាមចិត្តចង់ ប៉ុន្ដែអ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺការពារជីវិតប្រជាជនកុំឲ្យស្លាប់»

ត្រង់ចំណុចនេះ បើទោះបីសម្ដេចតេជោ ហ៊ុន សែន មិនបានបកស្រាយវែងជាងនេះ ក៏គេអាចសន្និដ្ឋានបានថា សម្ដេចចង់មានប្រសាសន៍សម្ដៅទៅលើ ក្រុមអគតិមួយចំនួន ដែលតែងរិះគន់មកលើការដឹកនាំរបស់សម្ដេច ពិសេសការបង្កើតច្បាប់ពាក់ព័ន្ធជាមួយការទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការចាប់ខ្លួនមនុស្សមួយចំនួន ដែលអនុវត្តផ្ទុយពីច្បាប់នេះ។

រហូតមកដល់ពេលនេះ ដើម្បីតែសង្គ្រោះប្រជាពលរដ្ឋ ចេញពីកណ្ដាប់ដៃតម្រូវដែលមើលមិនឃើញ គឺជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានរិះរក និងដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្នុងនោះមានទាំងយន្ដការអប់រំផ្សព្វផ្សាយ និងយន្ដការសុខាភិបាលថែមទាំងផង ពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។

គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៥៥២,៦៣២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៥.៥៣%៕