(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។ នេះបើយោងតាម លិខិតរំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

លិខិតរំលែកទុក្ខរបស់លោក កើត រិទ្ធ ដែលផ្ញើទៅ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធបានបញ្ជាក់យ៉ាងដូច្នេះ៖ «រូបខ្ញុំ និងភរិយាមានសេចក្តីកញ្ចូលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ឆៃ គឹមឆេន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០ នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ»។

លោកបន្តថា «នៅក្នុងវេលាពោរពេញទៅដោយសមានទុក្ខនេះ រូបខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តីស្រណោះអាឡោះអាល័យ និងសង្វេគស្ទើររកទីបំផុតគ្មានជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧបាសក ឆៃ គឹមឆេន ដែលជាលោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់នៃកូនចៅ
ទាំងអស់។ រូបខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ផៃ គឹមឆេន សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕

ខាងក្រោមនេះជាលិខិរំលែកទុក្ខពី លោក កើត រិទ្ធ៖