(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលឡានឆាង-មេគង្គ នៅក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ មេដឹកនាំនិងតំណាង​ប្រទេសតាមដងទន្លេ​មេគង្គទាំង៦ បានប្តេជ្ញា​ចិត្ត​រួមគ្នាក្នុងការជំរុញ​កិច្ចអភិវឌ្ឍន៍ដែលមានឥទ្ធិពល​លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គទាំងអស់។

ប្រទេសទាំង៦ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិភាព ស្ថិរភាព មិត្តភាព ធានានូវកំណើនសេដ្ឋកិច្ច ដើម្បីសុខដុមនីយកម្ម​នៃប្រជាជាតិទាំងអស់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងមេដឹកនាំប្រទេសតាមដងទន្លេមេគង្គផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ ជាមួយនាយ​ក​រដ្ឋមន្រ្តីចិន លោក Li Keqiang។

ប្រទេសទាំង៦ ក៏បានប្តេជ្ញាជួយប្រទេសជាដៃគូ ដែលមានសន្ទុះអភិវឌ្ឍយឺតយ៉ាវ អោយដំណើរការលឿនទៅមុខព្រមគ្នា ដោយក្នុងនោះប្រទេសចិន បានសម្រេចតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយ​ជំរុញ​ដល់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ នៅក្នុងប្រទេសទាំង៥ ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សដែលជាកត្តាចាំបាច់បំផុត។ ក្នុងនោះប្រទេសទាំង ៦ ក៏បានបញ្ជាក់​ផងដែរ អំពីសក្តានុពលទេសចរណ៍ដែលមានចំនួនប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំៗ ដែលមកទស្សនា ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ ដែលជាប្រភពចំណូលមួយដ៏សំខាន់បំផុត រួមទាំង​ទំហំពាណិជ្ជ​កម្មប្រមាណ ១៩៣,៣ ប៊ីលានដុល្លារ ដែលនឹងជួយបង្កើនដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសទាំង ៦ ទៀតផង។

តាមរយៈកិច្ចប្រជុំកំពូលនេះ គឺប្រមុខដឹកនាំទាំងអស់ខិតខំប្រើប្រាស់គ្រប់សក្តានុពលភាព ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍អោយកាន់តែឆាប់ដោយផ្តោតលើផ្លូវគមនាគមន៍ អគ្គីសនី ទូរគមនាគមន៍ និង​ផលិតផលកសិកម្មជាដើម។ ចំណុចសំខាន់ៗជាគោលការណ៍មួយចំនួន ដែលប្រមុខដឹកនាំទាំងអស់បានយកចិត្តទុកដាក់គាំទ្រ គឺ ១-កិច្ចការពារថែរក្សាសន្តិភាពដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍ ២-ផ្តល់អាទិភាព​ដល់ការអភិវឌ្ឍន៍ ដោយបើកចំហរឱ្យមានការចូលរួមទូលំទូលាយ ៣-ផ្តោតទៅលើគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ដែលសំដៅលើផលប្រយោជន៍ប្រជាជន និង ៤- លើកកម្ពស់ភាព​បើកចំហរ និងស្វាគមន៍ការចូលរួមពីបណ្តាប្រទេសក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសចិនជាមិត្ត ដែលបានយកចិត្តទុក ដាក់គាំទ្ររហូតដល់មានការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងបានសន្យា​ផ្តល់មូលនិធិ​អភិវឌ្ឍន៍ រាប់រយលានដុល្លារទៀតផង។ សម្តេចតេជោ ក៏បានអរគុណមិត្តចិន ដែលបានបើកទំនប់ទឹកនៅផ្នែកខាងលើនៃទន្លេមេគង្គ ដល់បណ្តាប្រទេសនៅផ្នែកទន្លេមេគង្គក្រោម ដូចជា កម្ពុជា និង​វៀតណាម បាន ប្រើប្រាស់។ តែការបើកបង្ហូរពីរដងកន្លងមកនោះ គឺ កម្ពុជា និងវៀតណាម ពុំបានទទួលទឹកប្រើប្រាស់ នៅឡើយទេ ហើយដែលបញ្ហាកង្វះទឹកនេះ គឺកំពុងកើតមានឡើង​នៅក្នុងប្រទេស​យើង និងវៀតណាម ផង ដែរ។ សម្តេចតេជោ បានអំពាវនាវដល់ប្រទេសនៅផ្នែកខាងលើ ដូចជា ថៃ មីយ៉ានម៉ា និង ប្រទេសឡាវ កុំបិទបង្ខាំងទឹក។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយ ចំនួនដូចជា៖
១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ានៃកិច្ចប្រជុំកំពូល មេគង្គ ឡានឆាង លើកទី១ (Sanya Declaration of the 1st LMC Leader’s Meeting)
២- សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម (Joint Statement on Production Capacity Cooperation Among LMC Countries)
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗនៃកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង (Joint List of LMC Early Harvest Projects) ផងដែរ៕