(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរកកូវីដ-១៩ ដោយខ្លួនឯង ហើយបើលទ្ធផលវិជ្ជមាន សូមជូនដំណឹង ឬទាក់ទងមកអាជ្ញាធរសង្កាត់ខណ្ឌ ឬមន្រ្តីសុខាភិបាលដែលនៅជិតបំផុតជាបន្ទាន់ និងសូមកុំលាក់លៀមលទ្ធផលតេស្តវិជ្ជមានរបស់លោកអ្នក។ ការប្រកាសលទ្ធផល គឺជាការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

ការថ្លែងអំពាវនាវបែបនេះ របស់លោកអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តកំសាន្ត មកពីភូមិព្រះពន្លាចំនួន ៣០គ្រួសារ និងភូមិជ្រោយបាសាក់១ ចំនួន៣០គ្រួសារ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា «យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធបំផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺវិធានការ «៣កុំ និង៣ការពារ» បងប្អូនទាំងអស់គ្នានឹងចៀសផុតពីជំងឺកូវីដ១៩»។

ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរសង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ ជំងឺកូវីដ១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូនណាអាចទៅចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារគ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ។

អំណោយដែលបានយកទៅចែកជូនក្នុង១គ្រួសារទទួលបានអង្ករ ១០គក្រ, ឃីត១កញ្ចប់, ត្រីខ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាសចំនួន២០៕